រដ្ឋបាលលោក ត្រាំ មានគម្រោងចាយ ៤លានដុល្លារលើប្រព័ន្ធផ្សព្វផ្សាយស្ដាំនិយម ក្នុងតំបន់អឺរ៉ុប

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានគម្រោងចំណាយថវិកា ៤លានដុល្លារដើម្បីជំរុញបណ្ដាប្រព័ន្ធផ្សព្វផ្សាយមាននិន្នាការស្ដាំនិយមក្នុងតំបន់អឺរ៉ុប ជាផ្នែកមួយនៃកញ្ចប់ថវិកា ២៥លានដុល្លារសម្រាប់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងបុព្វហេតុអភិរក្សនិយមក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។

ការផ្ដល់ជំនួយនេះត្រូវបានគេមើលឃើញថាអាចនឹងបង្កហានិភ័យធ្វើឱ្យភាពតានតឹងរវាងរដ្ឋបាលលោក ត្រាំ និងរដ្ឋាភិបាលអឺរ៉ុបមួយចំនួនធំកាន់តែឡើងកម្ដៅ ខណៈមានរដ្ឋាភិបាលអឺរ៉ុបមួយចំនួនបានចោទប្រកាន់រួចទៅហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងលូកលាន់នយោបាយក្នុងស្រុករបស់ពួកគេ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Reuters បានឱ្យដឹងថាក្រសួងការបរទេសអាមេរិកបានជូនដំណឹងទៅកាន់សភា ពីបំណងផ្ដល់ជំនួយខាងលើកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅនេះ។

ប្រភពដដែលបានប្រាប់​ Reuters ថាជំនួយ ៣លានដុល្លារនឹងត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីមួយ ដើម្បីចងក្រងឯកសារ និងវិភាគពីការដើរថយក្រោយនៃប្រជាធិបតេយ្យក្នុងតំបន់អឺរ៉ុប ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ស្ថានភាពនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងរបៀបវារៈច្បាប់មួយចំនួនរបស់សហភាពអឺរ៉ុប។ ចំណែក ជំនួយ ១លានដុល្លារទៀត គឺទុកប្រើដើម្បីបង្កើតសម្ព័ន្ធអ្នកកាសែតឯករាជ្យមួយដែលផ្សាយព័ត៌មានគ្របដណ្ដប់លើបញ្ហាជាច្រើន ក្នុងនោះរួមមានអធិបតេយ្យជាតិ និងសេរីភាពជំនឿក្នុងតំបន់អឺរ៉ុបជាដើម។

គួរបញ្ជាក់ថា Reuters មិនអាចកំណត់បានថាតើអង្គការ ឬក្រុមអ្នកកាសែតណាខ្លះដែលនឹងទទួលបានជំនួយពីរដ្ឋបាលលោក ត្រាំនោះទេ។ ដោយឡែក អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក បាននិយាយថាជំនួយរបស់ការិយាល័យនយោបាយ សិទ្ធិមនុស្ស និងពលកម្ម ឬហៅកាត់ថា DRL នៃក្រសួងការបរទេសអាមេរិក មិនមានគោលដៅផ្ដល់មូលនិធិដល់គណបក្សនយោបាយឡើយ ហើយថារដ្ឋបាលលោក ត្រាំ នៅតែបន្តប្ដេជ្ញាចិត្តចំពោះការការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅជុំវិញពិភពលោក ក្នុងនោះរួមទាំងនៅអឺរ៉ុប៕