
(ខេត្តកំពង់ធំ)៖ នៅថ្ងៃអង្គារ ០៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំមន្ត្រីខណ្ឌ ផ្នែក និងសង្កាត់ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ អមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចចាប់ពីបាឡតតូច ដល់អាសុឹម ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាលទ្ធផល កម្លាំងជំនាញបានអនុវត្តចំនួន២ករណី ដោយបានរុះរើ កាប់ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ ១. របាំងសាច់អួនលើសប្រវែងកំណត់ចំនួន៥របាំង ប្រវែងសរុប១,៣៥០ម៉ែត្រ ឡុកសាច់អួនចំនួន ១០គ្រឿង និងលូ ឬលបចំនួន ២០មាត់។ ២.របាំងសាច់អួនក្រឡាញឹកចំនួន ៣របាំង ប្រវែងសរុប ៦០០ម៉ែត្រ ឡុកសាច់អួនចំនួន ៦ឡុក លូ ឬលបចំនួន ១២មាត់ និងបង្គោលឈើចំនួន ៩០០ដើម។

ជាមួយគ្នានេះផងដែរលោក កែវ សុឃឿន មន្ត្រីរដ្ឋបាលជលផលបារាយណ៍ ប្រចាំស្រុកតាំងគោក បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលកោះរះ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកទាល់ ក្រពើសាហាវ ស្ទឹងរោធ និងទំនប់តាធី ស្ថិតក្នុងភូមិសាស្ត្រឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាលទ្ធផល កម្លាំងជំនាញបានអនុវត្តចំនួន៣ករណី ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖ ១.របាំងស្បៃមុងចំនួន ៦របាំង ប្រវែងសរុប៣១៥ម៉ែត្រ ឡុកចំនួន ៦គ្រឿង លូចំនួន៦មាត់ និងបង្គោលចំនួន៧២ដើម។ ជាមួយគ្នានេះ កម្លាំងបានចាក់លែងត្រីចម្រុះចូលក្នុងដែនទឹកធម្មជាតិវិញទម្ងន់ប្រមាណ៧៥គីឡូក្រាម។
២.របាំងសាច់អួនក្រឡាញឹកចំនួន១របាំង ប្រវែង ១១៥ម៉ែត្រ ឡុកចំនួន១គ្រឿង និងលប/លូចំនួន ១មាត់។ ៣.លបប្រើស១០០ ចំនួន ១ខ្សែ ប្រវែង ១០ម៉ែត្រ។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការខាងលើនេះ មានគោលបំណងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងការពារធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បឹងទន្លេសាប។ អត្ថបទ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ































