ថៃ កាត់បន្ថយការស្នាក់នៅដោយមិនបាច់ទិដ្ឋាការមកត្រឹម ៣០ថ្ងៃ សម្រាប់ប្រទេសចំនួន ៦០ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា

(បាងកក)៖ ក្រសួងការបរទេសថៃ បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសថៃនឹងកាត់បន្ថយរយៈពេលនៃការស្នាក់នៅដោយមិនបាច់ទិដ្ឋាការ (Visa-Free) សម្រាប់ភ្ញៀវទេសចរមកពីបណ្តាប្រទេស និងដែនដីរាប់សិបពាក់កណ្តាល មកត្រឹម ៣០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

នាយកដ្ឋានកិច្ចការកុងស៊ុលនៃក្រសួងការបរទេសថៃ បានបញ្ជាក់ថា ការកាត់បន្ថយការស្នាក់នៅមកត្រឹម ៣០ថ្ងៃនេះ នឹងត្រូវអនុវត្តចំពោះប្រទេស និងដែនដីចំនួន ៦០ រួមមាន សិង្ហបុរី ចិន សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំង ២៧ប្រទេស។ កន្លងមក ក្រោមគោលការណ៍លើកទឹកចិត្តទេសចរណ៍ ប្រទេសថៃបានអនុញ្ញាតឱ្យពលរដ្ឋមកពីជាង ៩០ប្រទេស និងដែនដី អាចចូលមកស្នាក់នៅបានរហូតដល់ ៦០ថ្ងៃ ដោយមិនបាច់សុំទិដ្ឋាការ។

ទោះជាយ៉ាងណា សម្រាប់ភ្ញៀវទេសចរមកពីប្រទេសប៉េរូ ប្រេស៊ីល និងកូរ៉េខាងត្បូង នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅដោយមិនបាច់ទិដ្ឋាការរហូតដល់ ៩០ថ្ងៃ ពោលគឺកើនឡើងពី ៦០ថ្ងៃកាលពីមុន។ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានអះអាងថា វិធានការរឹតបន្តឹងនេះ ធ្វើឡើងដើម្បីទប់ស្កាត់ជនបរទេសដែលឆ្លៀតឱកាសប្រើប្រាស់ប្រព័ន្ធទិដ្ឋាការដើម្បីប្រព្រឹត្តបទល្មើស ដូចជាគ្រឿងញៀន និងការបើកអាជីវកម្មខុសច្បាប់ជាដើម។

គួរបញ្ជាក់ថា វិស័យទេសចរណ៍គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ ខណៈដែលតួលេខផ្លូវការចុងក្រោយបានបង្ហាញថា ប្រទេសថៃបានទាក់ទាញភ្ញៀវទេសចរបរទេសប្រមាណ ២០.៩លាននាក់ គិតចាប់តាំងពីដើមឆ្នាំ២០២៦ មក ដែលចំនួននេះមានការធ្លាក់ចុះប្រមាណ ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ៕