
ក្រុងព្រះសីហនុ៖ កុមារា ស៊ិន សុខគីម ដែលមានវ័យទើបតែជិត ១៤ ឆ្នាំ បានបង្ហាញពីសមត្ថភាព និងភាពឈ្លាសវៃគួរឱ្យកោតសរសើរ ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជោគជ័យ និងទទួលបាននិទ្ទេស (C) ជានិស្សិតជ័យលាភីលេខរៀងទី ៦៨៣ មកពីវិទ្យាល័យក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សម្រាប់ការសម័យប្រឡងនាថ្ងៃទី ១០ និង ទី ១១ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅនេះ កុមារារូបនេះបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត នៅក្នុងមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រហូតទទួលបានលទ្ធផលគាប់ប្រសើរ ដែលធ្វើឱ្យសាធារណជន និងលោកគ្រូអ្នកគ្រូមានមោទនភាពជាខ្លាំង។
ជ័យជម្នះនាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាផ្លែផ្កានៃការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងសកម្ម និងមានការតាំងចិត្តខ្ពស់តាំងពីកុមារភាពមកម្ល៉េះ។ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ រហូតដល់ថ្នាក់វិទ្យាល័យ នៅក្នុងខេត្តព្រះសីហនុ កុមារា ស៊ិន សុខគីម ជាសិស្សដែលមានវិន័យ យកចិត្តទុកដាក់ស្ដាប់ការបង្រៀន និងស្រាវជ្រាវបន្ថែមដោយខ្លួនឯងឥតឈប់ឈរ។ ពេលទទួលបានលទ្ធផលប្រឡងជាប់និទ្ទេស C នាពេលនេះ កុមារារូបនេះបានសម្តែងនូវសេចក្តីរំភើបរីករាយឥតឧបមា និងចាត់ទុកលទ្ធផលនេះជាជំហានដ៏សំខាន់មួយសម្រាប់អនាគតសិក្សា។
ក្នុងឱកាសដ៏រំភើបនេះ កុមារា ស៊ិន សុខគីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមាតាបិតា អាណាព្យាបាល ព្រមទាំងបងប្រុស បងស្រីទាំងអស់ ដែលតែងតែនៅក្បែរ ផ្តល់ក្តីស្រឡាញ់ ការមើលថែទាំយ៉ាងកក់ក្តៅ និងគាំទ្រគ្រប់បែបយ៉ាង។ លោកឱពុកអ្នកម្តាយ និងក្រុមគ្រួសារ មិនត្រឹមតែបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការផ្គត់ផ្គង់សម្លៀកបំពាក់ សម្ភារៈសិក្សា និងមធ្យោបាយផ្សេងៗគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជញ្ជាំងបង្អែកផ្នែកស្មារតីយ៉ាងរឹងមាំ ដោយតែងតែផ្តល់កម្លាំងចិត្ត ដាស់តឿន ក្រើនរំលឹក និងបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរបំផុត ធ្វើឱ្យរូបគេអាចជែងយកឈ្នះរាល់ប្រឡង និងឈានដល់សម្រេចជោគជ័យនាថ្ងៃនេះ។
ជាមួយគ្នានេះដែរ កុមារា ស៊ិន សុខគីម ក៏បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូគ្រប់កម្រិតសិក្សាទាំងអស់ តាំងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រៀបបីដូចជាឪពុកម្តាយទីពីរ ក្នុងការផ្ទេរចំណេះដឹង ជំនាញ វិន័យ និងបទពិសោធន៍ល្អៗដល់រូបគេ។ លោកគ្រូអ្នកគ្រូតែងតែយកចិត្តទុកដាក់ បង្ហាត់បង្រៀនដោយភាពអត់ធ្មត់ ជួយពន្យល់រាល់ចំណុចលំបាកៗ និងជំរុញលើកទឹកចិត្តឱ្យរូបគេមានទំនុកចិត្តលើខ្លួនឯង ហ៊ានពុះពាររាល់ឧបសគ្គក្នុងរឿងសិក្សា។
ជាចុងបញ្ចប់ កុមារា ស៊ិន សុខគីម បានសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជាថ្មីម្តងទៀត ចំពោះអ្នកមានគុណទាំងទ្វេ សមាជិកគ្រួសារ និងលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានប្រៀបដូចជាពន្លឺបំភ្លឺផ្លូវជីវិត និងជាគ្រឹះយ៉ាងរឹងមាំជួយឱ្យរូបគេទទួលបានជោគជ័យដ៏ត្រចះត្រចង់នេះ។ កុមាររូបនេះបានប្តេជ្ញាចិត្តថា នឹងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យកាន់តែពូកែបន្ថែមទៀតនៅក្នុងកម្រិតឧត្តមសិក្សា ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋដ៏ល្អម្នាក់ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត៕ ដោយ នីណ

































