
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ឆុន វីរៈ ប្រធានសាខាសមាគម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព, ឯកឧត្តម ឌីម សុខុន អគ្គលេខាធិការ និង លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប្រធានផ្នែក ប្រធានគម្រោង ក្រុមការងារព័ត៌មាន និងសមាជិក-សមាជិកា យ៉ាងច្រើនកុះករ បានចុះធ្វើសកម្មភាពមនុស្សធម៌ ដោយនាំយកសម្ភារ និងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនដល់ដៃ វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី យ៉ាងប្រុងប្រយ័ត្ន នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
សមាសភាពអញ្ជើញចូលរួមក្នុងបេសកកម្មមនុស្សធម៌នេះ រួមមាន៖
លោក ឆុន វីរៈប្រធានសាខាសមាគម
-លោក ហោ តូ ទីប្រឹក្សាសមាគម
-លោក ប៉ូវ ជីណៃ ប្រធានផ្នែក
-លោក សុខ ថៃ ប្រធានគម្រោង
-លោក សុខ ផល អនុប្រធានគម្រោង
-លោក ជួង សុវណ្ណអាង ទីប្រឹក្សា និងផ្នែកព័ត៌មាន
-លោក វ៉ិត រិទ្ធ ចាងហ្វាងសារព័ត៌មាន «ម្សិលមិញ ថ្ងៃនេះ»
-លោក ទួង តុកផេង ប្រធានសាខាក្រុងប៉ោយប៉ែត
-លោក លឹម ខេង អ្នកសារព័ត៌មាន
-លោក អ៊ុក សាខន, លោក វ៉ាយ ង៉ែត, លោក លឹម វុទ្ធី, អ្នកស្រី គីម សោភ័ណ្ឌ, អ្នកស្រី ផា ស្រីឡែន, អ្នកស្រី ឡេង សុខសាន្ត ព្រមទាំងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ទាំងមូល។

អំណោយមនុស្សធម៌ដែលបាននាំយកទៅចែកជូននាឱកាសនោះ រួមមាន៖
-សម្ភារប្រើប្រាស់គ្រប់មុខ ចំនួន ២ ថង់ធំ
-ធូបមូស ចំនួន ៤ ប្រអប់ធំ
-អំបិលអ៊ីយ៉ូត និងស្ករស ទម្ងន់ ៩ គីឡូក្រាម
-ទឹកក្រូចកំប៉ុង ចំនួន ២ យួរ
-ប្រេងឆា និងទឹកត្រី ចំនួន ១ ថង់ធំ
-ភេសជ្ជៈ ចំនួន ១ ថង់ធំ
-កាហ្វេកញ្ចប់ ចំនួន ២ កញ្ចប់ធំ
-បារី ចំនួន ៥ សុង ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ **លោក ឆុន វីរៈបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល និងក្តីនឹកលឹកបំផុតពីសំណាក់ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់។ លោកបានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីលះបង់ខ្ពស់ ភាពក្លាហាន និងកាយវិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់វីរកងទ័ពជួរមុខ ដែលបាន និងកំពុងពលិកម្មកម្លាំងកាយចិត្ត ជម្នះគ្រប់ឧបសគ្គ និងការលំបាកយប់ថ្ងៃ ដើម្បីឈរជើងការពារបូរណភាពទឹកដី សន្តិសុខតាមព្រំដែន និងភាពសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល។ លោកបានបញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមានទំហំតូចតាច ប៉ុន្តែវាជាទឹកចិត្ត និងជាចំណងដៃនៃកម្លាំងចិត្តពីកុលបុត្រកុលធីតាសមរភូមិក្រោយ ដែលតែងតែនៅក្បែរ និងគាំទ្រយ៉ាងរឹងមាំជាមួយកងទ័ពជួរមុខជានិច្ច។

ជាការឆ្លើយតប ព្រមទាំងស្ថិតក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាពន់ពេកនាពេលនេះ តំណាងវីរកងទ័ពជួរមុខដែលកំពុងឈរជើងក្នុងតំបន់នោះ
បំប្លែងអំណរគុណយ៉ាងជាជ្រៅ ដល់ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ទាំងស្នាក់ការកណ្ដាលនិងទាំងស្នាក់ការដែលនៅតាមបណ្ដាខេត្តនានាជាពិសេសស្នាក់ការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយ មានជ័យរួមទាំងសមាជិកសមាជិកានៃសមាគមដែលបាននាំយកអំណោយមកចែកជូននៅពេលនេះ។
តំណាងវីរៈកងទ័ពដដែល បានសម្តែងនូវក្តីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ នឹកនា និងចុះសួរសុខទុក្ខដល់ទីតាំងឈរជើងដោយផ្ទាល់។ ទឹកចិត្តដ៏ប្រពៃនេះ បានក្លាយជាកម្លាំងចិត្តដ៏មហាសាល និងជាដើមទុនស្មារតីជួយជំរុញឱ្យបងប្អូនកងទ័ពកាន់តែមានកម្លាំងចិត្តមាំមួនក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។

ក្នុងឱកាសនោះដែរ តំណាងវីរកងទ័ពក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងជូនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មមនុស្សធម៌ និងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕ អត្ថបទដោយលោក ឆុន វីរៈ




























