អូស្ត្រាលី-សហរដ្ឋអាមេរិក នឹងជំរុញទំនាក់ទំនងការពារជាតិ នៅចំពោះមុខការកើនឡើងឥទ្ធិពលចិនក្នុងតំបន់ប៉ាស៊ីហ្វិក

(Reuters)៖ អូស្ត្រាលី និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាថានឹងជំរុញទំនាក់ទំនងការពារជាតិដែលអាចនឹងនាំទៅរកការពង្រីកវត្តមានយោធាអាមេរិកក្នុងប្រទេសអូស្ត្រាលី ខណៈពង្រឹងសមត្ថភាពកំញើញ នៅទូទាំងតំបន់ប៉ាស៊ីហ្វិកជាទីដែលចិនបាន និងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានប្រាប់ក្រុមអ្នកសារព័ត៌មានថាវត្តមានយោធាអាមេរិកក្នុងប្រទេសអូស្ត្រាលីកំពុងរីកធំ ហើយបន្តរីកធំលើគ្រប់វិស័យ។ លោក Marles ​មិនបានបញ្ជាក់ឱ្យច្បាស់ថាតើការកើនឡើងកិច្ចសហប្រតិបត្តិការនេះ គឺមានន័យថានឹងជាការបង្កើនវត្តមានកងទ័ពអាមេរិកឈរជើងក្នុងប្រទេសអូស្ត្រាលី ឬក៏យ៉ាងណានោះទេ? ប៉ុន្តែបាននិយាយថាព័ត៌មានលម្អិតអាចនឹងត្រូវបានបញ្ជាក់នៅឯកិច្ចប្រជុំនៅពេលខាងមុខរវាង រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី និងអាមេរិក អាចនៅចុងឆ្នាំ២០២៦នេះ។

គួរបញ្ជាក់ថា U.S.–Australia Force Posture Initiatives ជាកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យកងកម្លាំងយោធាអាមេរិកបណ្ដុះបណ្ដាល និងស្ដុកទុកបរិក្ខារយោធានៅក្នុងប្រទេសអូស្ត្រាលី ព្រមាទាំង ប្ដូរវេនការដាក់ពង្រាយយន្ដហោះយោធា និងការគាំទ្រផ្នែកភស្តុភារសម្រាប់នាវាចម្បាំងអាមេរិក។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក និងអូស្ត្រាលីក៏មានរួមបញ្ចូលផងដែរនៅក្នុងកិច្ចព្រមព្រៀង AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងព្រីតថែន៕