ភ្នំពេញៈ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ ត្រូវបានរំខាន ដោយទស្សនៈផ្ទាល់ខ្លួន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ របស់លោកស្រីសាស្ត្រាចារ្យ Rhona Smith អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជាដែលសំដៅការពារពលរដ្ឋគោរពច្បាប់ និងធានាសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសុខភាពសាធារណៈសម្រាប់បុគ្គលគ្រប់រូប។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា ប្រទេសកម្ពុជាគោរពនិងផ្តល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយ សន្តិវិធី ដែលស្របតាមច្បាប់ ហើយយល់ដឹងច្បាស់ថា ពហុយោបល់ រួមទាំងទស្សនៈរិះគន់ គឺមានសារៈ សំខាន់ចំពោះដំណើរការនៃការអភិវឌ្ឍប្រទេស។ ប៉ុន្តែ មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានគូស បញ្ជាក់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃឡើយ។ ការអនុវត្តសិទ្ធិនិងសេរីភាព គឺត្រូវតែអនុលោមទៅតាមច្បាប់។
ជាការកត់សម្គាល់អ្នករាយការណ៍ពិសេសពុំធ្លាប់ដែលបានសង្កត់ធ្ងន់ឲ្យបានគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់មកជា ស មួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស (មាត្រា ២៩.២) និងកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា១៩.៣ មាត្រា២១ និងមាត្រា២២.២)។ ការខកខានមិនបាន បញ្ជាក់ឲ្យបានច្បាស់ដោយចេតនា មិនត្រឹមតែបង្កឲ្យសាធារណៈជន មានការភ័ន្តច្រលំប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចិត្តឲ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការកេងចំណេញពីស្ថានភាពបែប នេះ សម្រាប់របៀបវារៈលាក់កំបាំងរបស់ពួកគេ ។
ក្នុងការអនុវត្តតួនាទីប្រកបដោយសត្យានុម័ត និងវិជ្ជាជីវៈ អ្នករាយការណ៍ពិសេសមានកាតព្វកិច្ច
គោរពឲ្យបានខ្ជាប់ខ្លួនតាម “ក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្ស” (ជាពិសេស មាត្រា ៣ មាត្រា ៦ និងមាត្រា ១៤) និង “សៀវភៅណែនាំស្តីពីប្រតិបត្តិការ នៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ” (ជាពិសេស កថាខណ្ឌ ២៤ និង ៥០) ដែលចែងអំពី គោលការណ៍ទូទៅសម្រាប់ការអនុវត្តតួនាទីខាងលើ សារៈសំខាន់នៃការប្រមូលព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយគ្រប់ប្រភព និងនីតិវិធីសម្រាប់ការទាក់ទងជាមួយរដ្ឋាភិបាល៕
































