អ៉ីស្រាអែល ប្រកាសបិទស្ថានកុងស៊ុលព្រីតថេននៅទីក្រុងហ៊្សេរុយសាឡិម ឆ្លើយតបបម្រាមនាំចូលទំនិញ

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ អ៉ីស្រាអែល បានប្រកាសថា ខ្លួននឹងបិទស្ថានកុងស៊ុលរបស់ព្រីតថេន (ចក្រភពអង់គ្លេស) នៅភាគខាងកើតទីក្រុងហ៊្សេរុយសាឡិម ឆ្លើយតបផែនការរបស់ព្រីតថេន បារាំង និងកាណាដា ក្នុងការហាមឃាត់​ការនាំចូលទំនិញពីសហគមន៍អ៉ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីន West Bank។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថា ព្រីតថេនក៏នឹងលែងត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងបេសកកម្មអន្តរជាតិដឹកនាំដោយ​សហរដ្ឋអាមេរិក សម្រាប់គាំទ្របទឈប់បាញ់និងប្រតិបត្តិការផ្តល់ជំនួយនៅតំបន់ហ្កាហ្សា ហើយអ្នកនយោបាយព្រីតថេនមួយចំនួន រួមមានទាំងអតីតមេដឹកនាំគណបក្ស Labour លោក Jeremy Corbyn រួមជាមួយជនជាតិដទៃទៀត នឹងត្រូវហាមឃាត់មិនឱ្យចូល​ប្រទេសអ៉ីស្រាអែល។ ស្ថានកុងស៊ុលព្រីតថេននៅភាគខាងកើតហ៊្សេរុយសាឡិម ទទួលបន្ទុករក្សាទំនាក់ទំនង ជាមួយអាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ West Bank។

លោក Saar បានលើកឡើងថា សកម្មភាពរបស់ព្រីតថេន គឺជាកំហុសឆ្គងមួយ ហើយស្មើនឹងការលូកលាន់ជ្រៀតជ្រែកច្បាស់ក្រឡែត ក្នុងកិច្ចការរបស់រដ្ឋអធិបតេយ្យមួយ និងក្នុងដំណើរការបោះឆ្នោតរបស់ប្រទេសនេះ។ លោក Saar បានចាត់ទុកការអត្ថាធិប្បាយរបស់​រដ្ឋមន្រ្តីការបរទេសព្រីតថេន លោក Ed Miliband អំពីការលុបបំបាត់ជាតិពន្ធុលើជនជាតិប៉ាឡេស្ទីនដោយអ៉ីស្រាអែល ថាជាការចោទប្រកាន់មួយ ដែលហួសហេតុនិងគ្មានការពិតទាំងស្រុង។ លោករដ្ឋមន្រ្តីអ៉ីស្រាអែល បានបន្ថែមទៀតថា លោកបានសម្របសម្រួលការឆ្លើយតបរបស់អ៉ីស្រាអែល ជាមួយលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ខណៈរូបលោកចោទព្រីតថេន ពីការជ្រៀតជ្រែកដំណើរការបោះឆ្នោតរបស់អ៉ីស្រាអែល ដែលគ្រោងធ្វើឡើងនៅចុងខែតុលា។

គួរបញ្ជាក់ថា បម្រាមពាណិជ្ជកម្មដែលស្នើឡើងដោយព្រីតថេន បារាំង និងកាណាដា កាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺជាចំណាត់ការថ្មីចុងក្រោយបង្អស់ ​នៃសកម្មភាពជាបន្តបន្ទាប់ ដែលមានគោលដៅលើ គោលនយោបាយបង្កើតការតាំងទីលំនៅរបស់អ៉ីស្រាអែលក្នុងតំបន់ West Bank ហើយគូសរំលេចពីភាពឯកោផ្នែកការទូតរបស់អ៉ីស្រាអែល ក្នុងចំណោមបណ្តាប្រទេសមួយចំនួន ដែលធ្លាប់ជាសម្ព័ន្ធមិត្តយូរមកហើយ​របស់ខ្លួន។ អង្គការសហប្រជាជាតិ ប៉ាឡេស្ទីន និងប្រទេសភាគច្រើន ចាត់ទុកការតាំងទីលំនៅរបស់អ៉ីស្រាអែល ជាទង្វើខុសច្បាប់​ក្រោមច្បាប់អន្តរជាតិ ប៉ុន្តែអ៉ីស្រាអែលបានប្រកែកចំពោះគោលជំហរនេះ៕