រាជរដ្ឋាភិបាល បង្កេីតគណៈកម្មការអន្តរក្រសួងដេីម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែរនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប ជាប្រធាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអនុប្រធាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ អមដោយសមាជិកជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ទីប្រឹក្សា និងអគ្គនាយកចំនួន ១៥ រូបផ្សេងទៀត។ នេះបើតាមសេចក្តី សម្រេចរបស់រាជរដ្ឋាភិ បាលចុះថ្ងៃទី ០៨ ខែកញ្ញាកាលពីម្សិលមិញ។

បើតាមសេចក្តីសម្រេច គណៈកម្មការអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ច ដឹកនាំគ្រប់គ្រង និងសម្របសម្រួលលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សិក្សា និងរៀបចំគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលចរាចរណ៍ជម្រុញកំណើនភ្ញៀវទេសចរ កំណើនសេដ្ឋកិច្ចជាតិ នឹងសោភ័ណភាពជាដើម។ គណៈកម្មការអន្តរក្រសួង ក៏មានតួនាទីភារកិច្ច អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប និង ត្រួតពិនិត្យតាមដាន និងវាយតម្លៃ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្រៅពីនេះ
គណៈកម្មការ ក៏ត្រូវរៀបចំរបាយការណ៍ ស្តីពីវឌ្ឍនភាព នៃការអនុវត្តគម្រោងជូនរាជរដ្ឋាភិបាល និងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

សូមជម្រាបផងដែរថា កាលពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន សម្រេចបញ្ចេញថវិកាពី១០០ ទៅ១៥០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការអភិវឌ្ឍ និងស្ថាបនាផ្លូវនៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យកាន់តែស្រស់ស្អាតថែមទៀត៕