រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ 

(កៀវ)៖ កងទ័ពរុស្ស៉ីបានបើកការវាយប្រហារលើស្ថានីយប្រេងក្នុងរដ្ឋធានីកៀវ ខណៈអ៊ុយក្រែនបានវាយបកលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ីវិញ នៅថ្ងៃអង្គារនេះ ដោយភាគីទាំងពីរបន្តការវាយប្រហារលើគោលដៅថាមពលទៅវិញទៅមក បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាភាគីទាំងពីរបានយល់ព្រមផ្អាកការវាយប្រហារក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ការវាយប្រហារដោយដ្រូនប្រមាណ ២០០គ្រឿងរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតដ្រូនរបស់រុស្ស៉ីវិញដូចគ្នា។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការបញ្ឈប់ការវាយប្រហារលើវិស័យថាមពល លុះត្រាតែមានការធានាជាក់លាក់ថារុស្ស៉ីក៏នឹងបញ្ឈប់ដូចគ្នាដែរ ខណៈវិមានក្រឹមឡាំងបានចាត់ទុកគំនិតរបស់លោក ត្រាំ ថាជារឿងល្អ ប៉ុន្តែទាមទារឱ្យមានការធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់កប៉ាល់ដឹកប្រេងផងដែរ។

គួរបញ្ជាក់ថា ការប៉ុនប៉ងកន្លងមកក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់លើវិស័យថាមពលរវាងរុស្ស៉ី និងអ៊ុយក្រែន តែងតែទទួលបរាជ័យ ខណៈដែលការវាយប្រហារទៅវិញទៅមកនេះ បានបន្តបង្កើនការព្រួយបារម្ភចំពោះការខ្វះខាតប្រេងឥន្ធនៈ និងអស្ថិរភាពថាមពលពិភពលោក៕