
(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពាលីរួចមក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងនៃការរៀបចំភូមិហ្វ្រង់កូហ្វូនី នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីតាមដានវឌ្ឍនភាពនៃការរៀបចំ និងធានាឱ្យការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
ក្នុងឱកាសនៃការចុះពិនិត្យនេះ គណៈប្រតិភូបានពិនិត្យមើលស្ថានភាពជាក់ស្តែងនៃទីតាំង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការត្រៀមលក្ខណៈពាក់ព័ន្ធនានា ដើម្បីធានាថាទីតាំងភូមិហ្វ្រង់កូហ្វូនីមានភាពស្រស់ស្អាត មានសណ្តាប់ធ្នាប់ និងត្រៀមខ្លួនរួចរាល់សម្រាប់ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ការយកចិត្តទុកដាក់លើគុណភាពនៃការរៀបចំ សោភ័ណភាពទីតាំង និងបទពិសោធន៍របស់អ្នកចូលរួម គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ភាពទាក់ទាញ និងកិត្យានុភាពរបស់កម្ពុជា។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕

































