
នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអមដំណើរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគដែលជាអំណោយ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៨២៥ គ្រួសារ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀង ក្នុងរយៈពេលកន្លងទៅ។ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានគូសបញ្ជាក់ថា ក្នុងរដូវវស្សាកន្លងទៅនេះ ដោយស្ថិតក្រោមឥទ្ធិពលនៃព្យុះពីបណ្ដាប្រទេសមួយចំនួន បណ្ដាលឲ្យភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ ធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ ចំនួន ១៧៨ ហិចតា ប៉ះពាល់ផ្លូវលំ ចំនួន ៣ ខ្សែ ប៉ះពាល់សាលារៀនចំនួន ៣ ខ្នង និងខូចខាតផលដំណាំមួយចំនួន ដែលបានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃដល់ប្រជាពលរដ្ឋចំនួន ៨២៥ គ្រួសារ ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសព្រួយបារម្មណ៍ចំពោះបងប្អូនប្រជាពលរដ្ឋ អ៊ុ ពូមីង ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ ។ ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតដំណាំស្រូវ ផ្លូវលំ និងផលដំណាំមួយចំនួនទៀត របស់ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅពេលនេះ ។ ហើយប្រមុខរាជរដ្ឋាភិបាលនៃយើង តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជន ដោយមិនទុកឲ្យប្រជាជនណាម្នាក់ដែលអាជ្ញាធរបានដឹងឮហើយ ទទួលមរណៈភាពដោយអត់អាហារ មិនបានដោះស្រាយនោះឡើយ ។

នៅក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងប្រតិភូអមដំណើរ បានប្រគល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ចំនួន ៨២៥ គ្រួសារ ដោយមួយគ្រួសារទទួលបាន នូវអង្ករចំនួន ២៥ គីឡូក្រាម មី ២កេស ទឹកត្រីទឹកស៊ីអ៉ីវ ២យួរ ត្រីខ កំប៉ុងចំនួនមួយយួរ ទឹកសុទ្ធដបធំចំនួន មួយកេស ផងដែរ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ។



































