ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀតក្នុងការទប់ស្កាត់បទល្មើសស្គេមអនឡាញមិនឱ្យកើតមានដាច់ខាត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

(កំពង់ធំ)÷ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់បទល្មើសស្គេមអនឡាញមិនឱ្យកើតមានដាច់ខាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោក សាយ គឹមឡម បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែកញ្ញាកាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះសម្រេចទៅយ៉ាងមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកងកម្លាំងទាំងបីនិងមានការចុះសិក្សាស្រាវជ្រាវតាមដានអង្កេតនិងស្រង់ស្ថិតិឱ្យបានជាក់ស្ដែងបំផុត តាមរូបភាពតូចធំ អំពី ការមកស្នាក់នៅរបស់ជនបរទេស ផ្ទះសំណាក់ឬផ្ទះជួលថ្មីៗឱ្យបានដូចភ្លៀងរលឹម ការតាំងចិត្តយ៉ាងមុតមាំ និងហ្មត់ចត់បំផុត។

ទន្ទឹមនឹងនេះត្រូវតែការរៀបចំផែនការសកម្មភាពនបន្ថែមទៀតដើម្បីពង្រឹងការអនុវត្ត «គោលនយោបាយភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះលោក សាយ គឹមឡម បានជំរុញ ដល់មន្ត្រីជំនាញត្រូវបង្កើនល្បឿន និងសម្រួលនីតិវិធីលើការងារអត្រានុកូលដ្ឋាន ព្រមទាំងការផ្តល់សេវាអត្តសញ្ញាណកម្ម ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ/ស្នាក់នៅជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ហើយត្រូវបង្កើនការល្បាតដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើង និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ មច្ឆជាតិ និងការទន្ទ្រានតំបន់អភិរក្សឱ្យបានម៉ឺងម៉ាត់បំផុត។

លើសពីនេះ ប្រធានគណៈបញ្ជាការឯកភាព បានណែនាំឱ្យ ត្រៀមលក្ខណៈក្នុងការប្រារព្ធ ពិធីបុណ្យជាតិផ្សេងៗនាពេលខាងមុខ ជាពិសេស ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ អាជ្ញាធរបានដាក់ចេញនូវផែនការការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍យ៉ាងតឹងរ៉ឹង ដើម្បីធានាជូនប្រជាពលរដ្ឋនូវភាពកក់ក្តៅ និងសប្បាយរីករាយក្នុងការធ្វើដំណើរទៅកាន់វត្តអារាម និងទីកន្លែងកម្សាន្តនានា។

លើសពីនេះទៀត លោកបាន លើកទឹកចិត្ត ដល់អាជ្ញាធរ ក្រោមឱវាទឱ្យបន្តថែរក្សា អនាម័យ និងសម្អាតបរិស្ថានសាធារណៈ ព្រមទាំងចុះត្រួតពិនិត្យ ថែទាំប្រព័ន្ធអំពូលសូឡាតាមដងផ្លូវជាតិលដខ៦ ឱ្យមានពន្លឺភ្លឺច្បាស់ជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់សោភ័ណភាពក្នុងស្រុក តាមការណែនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ជាចុងក្រោយ លោកបានបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការរក្សា និងសុវត្ថិភាព ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន នាពេលកន្លងមក និងបានដាក់ចេញនូវទិសដៅនិងសកម្មភាពថ្មីៗជាច្រើនចំណុចដើម្បីអភិវឌ្ឍន៍និងធានាសន្តិសុខមូលដ្ឋានជូនពលរដ្ឋ។