លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវទិសដៅការងារ ៧ ចំនុច ដល់កងកម្លាំង ក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦

កំពង់ធំ៖ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៩ខែ ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដោយមានការចូលរួមពីកងកម្លាំងនគរបាលចំនួន២៧៥នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍ថា កិច្ចប្រជុំគឺជាវេទិកាសម្រាប់ពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងចំណេះដឹង ព្រមទាំងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដើម្បីស្វែងរកបញ្ហាប្រឈម និងកំណត់ទិសដៅការងារថ្មីៗ សំដៅធានាឱ្យការអនុវត្តការងារបន្តទទួលបានប្រសិទ្ធភាព និងសម្រេចលទ្ធផលកាន់តែប្រសើរ។

ជាមួយគ្នានេះ លោកស្នងការ បានលើកឡើងអំពីសភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលអាចជះឥទ្ធិពលដល់សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។ លោកបានណែនាំដល់កងកម្លាំងនគរបាលគ្រប់ផ្នែក ត្រូវបន្តពង្រឹងការងារជំនាញ និងយកចិត្តទុកដាក់លើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត រួមមាន៖

ទី១៖ ការងារសន្តិសុខ ត្រូវបន្តពង្រឹងរបៀបរបបការងារជំនាញ សំដៅថែរក្សា និងការពារសន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានសម្រាប់សន្តិភាព និងការអភិវឌ្ឍ។

ទី២៖ ការងារនគរបាលព្រហ្មទណ្ឌ ត្រូវបន្តអនុវត្តផែនការជាក់លាក់ និងពង្រឹងវិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ប្លន់ ក្មេងទំនើង ល្បែងស៊ីសង ។

ទី៣៖ ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្កើនការអនុវត្តវិធានការរដ្ឋបាល ការអប់រំផ្សព្វផ្សាយ ការអនុវត្តច្បាប់ ការស្តារនីតិសម្បទា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបន្តបង្ក្រាបបទល្មើសគ្រឿងញៀនជាប្រចាំ តាមទិសស្លោក «៣កុំ ១រាយការណ៍»។ ក្នុងនោះ រួមមាន កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំអន្តរាគមន៍រារាំងការអនុវត្តច្បាប់ចំពោះជនល្មើស និងកុំលើកលែងការអនុវត្តច្បាប់។ ចំណែក «១រាយការណ៍» គឺត្រូវរាយការណ៍ជូនសមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់។

ទី៤៖ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្នងការ បានណែនាំឱ្យកងកម្លាំងបន្តធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនការអប់រំ និងផ្សព្វផ្សាយច្បាប់ឱ្យបានចំគោលដៅ ជាពិសេសក្រុមដែលងាយរងគ្រោះ ព្រមទាំងបន្តចុះល្បាត ត្រួតពិនិត្យតាមភូមិសាស្ត្រ ជួយសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់នៅតាមទីប្រជុំជន រោងចក្រ សហគ្រាស សាលារៀន និងទីតាំងប្រមូលផ្តុំផ្សេងៗ។

ទី៥៖ ការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបន្តបញ្ចុះកម្លាំងសហការជាមួយមន្ត្រីជំនាញ តាមគោលដៅ និងទីបញ្ជាការស្រាល ដើម្បីឆ្លើយតបនឹងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើស និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ទី៦៖ ការងារស្ថិតិប្រជាពលរដ្ឋ ត្រូវបន្តចុះអនុវត្តវិធានការរដ្ឋបាលជាប្រចាំ ធ្វើបច្ចុប្បន្នភាពការប្រែប្រួលប្រជាពលរដ្ឋ ការចំណូល និងចំណាកស្រុក ព្រមទាំងគ្រប់គ្រង និងត្រួតពិនិត្យវត្តមានជនបរទេសដែលស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត។ ជាមួយនេះ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកតាមប្រព័ន្ធអនឡាញ និងការឆបោកតាមបច្ចេកវិទ្យាគ្រប់រូបភាព ដើម្បីរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

ទី៧៖ ការងារអត្តសញ្ញាណកម្ម ត្រូវបន្តយកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជា ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវារដ្ឋបាលពាក់ព័ន្ធផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានក្រើនរំលឹក និងណែនាំដល់លោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨១ឃុំ-សង្កាត់ ត្រូវបន្តពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទ ឱ្យអនុវត្តបានត្រឹមត្រូវតាមបទវិន័យនគរបាលជាតិ និងបទបញ្ជាពាក់ព័ន្ធ។

ជាកិច្ចបញ្ចប់ លោកស្នងការ បានសង្កត់ធ្ងន់ឱ្យកងកម្លាំងបន្តយកចិត្តទុកដាក់ក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន និងហេតុការណ៍ដែលកើតឡើងក្នុងមូលដ្ឋាន ដើម្បីរាយការណ៍ឱ្យបានទាន់ពេលវេលា និងចេញអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ត្រូវបន្តផ្តល់សេវាជូនប្រជាពលរដ្ឋដោយតម្លាភាព និងស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងនគរបាលសហគមន៍ ព្រមទាំងពង្រឹងរបបប្រជុំ និងរបបរាយការណ៍ឱ្យបានទៀងទាត់ និងទាន់ពេលវេលា៕