
ខេត្តកោះកុង៖ ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួន៣៨ បក្ស ដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន មកពីគណបក្សកម្លាំងប្រជាធិបតេយ្យ បានអញ្ជើញចុះបេសកកម្មសិក្សា និងទស្សនកិច្ចផ្លូវការនៅទីតាំងវារីអគ្គិសនីស្ទឹងតាតៃ ស្ថិតក្នុងខេត្តកោះកុង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចបេសកកម្មរយៈពេលពីរថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់អំពីទិដ្ឋភាពជាក់ស្តែង នៃដំណើរការផលិតថាមពលអគ្គិសនី ព្រមទាំងការគ្រប់គ្រងផលប៉ះពាល់បរិស្ថាន និងសង្គមដែលកើតចេញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនេះ។
ថ្លែងនៅក្នុងឱកាសចុះបំពេញបេសកកម្មនោះ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានគូសបញ្ជាក់ថា៖
ការចុះមកទស្សនកិច្ចដោយផ្ទាល់នាពេលនេះ គឺដើម្បីឲ្យឃើញពីទិដ្ឋភាពជាក់ស្តែងនៅវារីអគ្គិសនីស្ទឹងតាតៃ និងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភមួយចំនួន។ យើងខ្ញុំសូមអំពាវនាវដល់សាធារណជន ក៏ដូចជាមជ្ឈដ្ឋានទូទៅ មេត្តាកុំមានការយល់ច្រឡំថា ឱ្យតែមានតំបន់អភិវឌ្ឍន៍វារីអគ្គិសនី គឺសុទ្ធតែមានការកាប់បំផ្លាញព្រៃឈើ ឬបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាននោះឡើយ។

ឯកឧត្តមបានបន្តទៀតថា៖ ការអភិវឌ្ឍគម្រោងថាមពលវារីអគ្គិសនីនៅកម្ពុជា ត្រូវបានធ្វើឡើងក្រោមការសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ពីផលប៉ះពាល់បរិស្ថាន និងសង្គម (EIA) ដោយផ្ដោតលើការទាញយកប្រភពថាមពលបៃតង និងស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីដែលកំពុងកើនឡើងនៅក្នុងប្រទេស ស្របពេលដែលរាជរដ្ឋាភិបាលនិងក្រុមហ៊ុនវិនិយោគបានដាក់ចេញនូវវិធានការការពារ និងស្តារបរិស្ថានជុំវិញតំបន់នោះយ៉ាងយកចិត្តទុកដាក់។
ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីតម្លាភាព និងការទទួលខុសត្រូវក្នុងការតាមដានកិច្ចការអភិវឌ្ឍន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ថា កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការសមតុល្យរវាង ការអភិវឌ្ឍសេដ្ឋកិច្ច-ថាមពល និង កិច្ចគាំពារបរិស្ថានធម្មជាតិ ប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរថា វារីអគ្គិសនីស្ទឹងតាតៃ ជាប្រភពថាមពលអគ្គិសនីដ៏សំខាន់មួយនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស៕ ដោយ ជំទាវ ទៀង ឆវីវត្តី




































