ខេត្តកំពង់ធំំ ប្រារព្ធ «ទិវាសម្អាតពិភពលោក លើកទី៩» ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»

(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត បានសហការជាមួយសាលាស្រុកប្រាសាទសំបូរ និងមន្ត្រីរាជការ រៀបចំប្រារព្ធ «ទិវាសម្អាតពិភពលោក លើកទី៩» ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» ស្ថិតនៅបរិវេណសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ពិធីនេះប្រព្រឹត្តទៅដោដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋ សរុបចំនួន ៣២៥នាក់។

ក្នុងឱកាសនេះលោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងផុសផុលក្នុងសកម្មភាពសម្អាតបរិស្ថាន តាមដងផ្លូវសាធារណៈ និងតំបន់ភូមិដ្ឋាន ដោយបង្ហាញពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តក្នុងការរួមចំណែកថែរក្សាអនាម័យ និងបរិស្ថានឱ្យបានស្អាត និងមានសោភ័ណភាព។

ឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងថាសកម្មភាពនេះក៏ជាការចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការកើនឡើងនៃសំណល់ប្លាស្ទិកចំពោះបរិស្ថាន និងភពផែនដី ព្រមទាំងជំរុញឱ្យមានការចូលរួមកាន់តែទូលំទូលាយក្នុងការកាត់បន្ថយ និងគ្រប់គ្រងសំណល់ប្លាស្ទិក។ការប្រារព្ធទិវាសម្អាតពិភពលោកនេះ គឺជាសកម្មភាពមួយដែលបង្ហាញពីការចូលរួមរបស់គ្រប់ភាគី ក្នុងការរក្សាអនាម័យបរិស្ថាន និងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា កាន់តែស្អាត និងបៃតង។ សូមចូលរួមសម្អាតអនាម័យតាមដងផ្លូវសាធារណៈ និងរក្សាភូមិដ្ឋានឱ្យស្អាតទាំងអស់គ្នា ដើម្បីអនាគតកម្ពុជាបៃតង។

ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពនៅតាមគេហដ្ឋាន សហគមន៍ សាលារៀន កន្លែងធ្វើការ និងទីសាធារណៈនានា។ ការចូលរួមរបស់យើងម្នាក់ៗ ទោះបីជាតិចតួចក៏ដោយ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកបង្កើតបរិស្ថានស្អាត បៃតង និងមានសុខភាពល្អ។ សូមចាប់ផ្តើមពីខ្លួនយើង ដោយមិនបោះសំរាមចោលតាមទីសាធារណៈ បែងចែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រើតែម្តង និងចូលរួមសម្អាតបរិស្ថានជាប្រចាំ។ ជាពិសេស សូមឱ្យការចូលរួមក្នុងទិវានេះ មិនមែនបញ្ចប់ត្រឹមតែមួយថ្ងៃនោះទេ ប៉ុន្តែសូមបន្តធ្វើជាទម្លាប់ប្រចាំថ្ងៃ ដើម្បីឱ្យសហគមន៍របស់យើងកាន់តែស្អាត មានសណ្តាប់ធ្នាប់ និងប្រកបដោយបរិស្ថានល្អសម្រាប់កូនចៅជំនាន់ក្រោយ។បងប្អូនទាំងអស់៖ “សំរាមមួយដុំដែលយើងមិនបោះចោល គឺជាការចូលរួមមួយជំហាន ដើម្បីការពារបរិស្ថានរបស់យើង”។បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នា “សម្អាតថ្ងៃនេះ បង្កើតទម្លាប់ល្អជារៀងរាល់ថ្ងៃ” ដើម្បីកម្ពុជាស្អាត បរិស្ថានប្រកបដោយចីរភាព និងសុខភាពល្អសម្រាប់យើងគ្រប់គ្នា។