ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវនៅតំបន់វារីអគ្គិសនីតាតៃ ខេត្តកោះកុង ដោយជោគជ័យ

ខេត្តកោះកុង៖ ដំណើរទស្សនកិច្ចសិក្សា និងស្វែងយល់ជាក់ស្តែងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ១៧-១៨ ខែកញ្ញា ឆ្នាំ ២០២៦) របស់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅតំបន់វារីអគ្គិសនីតាតៃ ស្ថិតក្នុងខេត្តកោះកុង ត្រូវបានបញ្ចប់ជាស្ថាពរដោយជោគជ័យ និងទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

ក្នុងឱកាសចុះទស្សនកិច្ចនេះ លោកជំទាវ ទៀង ឆវីវត្តី អនុប្រធានគណបក្សកម្ពុជារុងរឿង នៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងនូវការកោតសរសើរ និងសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងរ៉ែ និងថាមពល ដែលបានបើកទូលាយ និងបង្ករលក្ខណៈងាយស្រួលដល់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មកពីតំណាងគណបក្សនយោបាយទាំង ៣៨ បានចុះមកពិនិត្យមើលសង្វាក់ផលិតកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលដោយផ្ទាល់

លោកជំទាវ ទៀង ឆវីវត្តី ក៏បានសម្តែងនូវអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តកោះកុង ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ សម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រតិភូពេញមួយបេសកកម្ម។ ជាពិសេស លោកជំទាវបានគូសបញ្ជាក់ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងបុគ្គលិកបច្ចេកទេសនៃក្រុមហ៊ុនវារីអគ្គិសនីតាតៃ ដែលបានធ្វើការស្វាគមន៍យ៉ាងរាក់ទាក់ រួមទាំងបានរៀបចំការបង្ហាញ និងពន្យល់យ៉ាងលម្អិតអំពីបច្ចេកវិទ្យាទំនើបក្នុងការទាញយកថាមពលអគ្គិសនីពីចរន្តទឹក ដំណើរការនៃការគ្រប់គ្រងប្រភពទឹក និងស្តង់ដារសុវត្ថិភាពខ្ពស់នៃរោងចក្រ។

លោកជំ ទាវទៀង ឆវីវត្តី អនុប្រធានគណបក្សកម្ពុជារុងរឿងបានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីស្មារតីសហប្រតិបត្តិការ និងភាពបើកទូលាយក្នុងយន្តការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងបណ្តាគណបក្សនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបញ្ជាក់យ៉ាងច្បាស់អំពីការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា គម្រោងវារីអគ្គិសនីតាតៃ គឺជាសសរទ្រូងដ៏សំខាន់មួយក្នុងការផ្គត់ផ្គង់ថាមពលបៃតង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយការនាំចូលថាមពលពីបរទេស និងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។
ប្រតិភូទាំងអស់បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនាំមកនូវស្ថិរភាពថាមពល និងភាពរុងរឿងជូនដល់ប្រជាជាតិកម្ពុជាទាំងមូល៕