
អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមិនគិតពីថ្ងៃឈប់សម្រាក កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព និងលោកអនុសេនីយ៍ទោ ឌឿ ប៊ុនធឿន នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយស្ថាប័នជំនាញជលផល និងស្ថាប័នជំនាញបរិស្ថានខេត្តកំពង់ធំ បានបន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ ឆ្នាំ២០២៦ នៅតំបន់រហាលព្រួល ដល់តំបន់ត្រពាំងសម្លរ ក្នុងឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ជាប់ព្រំប្រទល់ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លទ្ធផលនៃការប្រតិបត្តិការនៅព្រឹកថ្ងៃអាទិត្យនេះ ដោយមានការចូលរួមពីកម្លាំងឧទ្យានុរៈបរិស្ថាននៅឃុំព្រោច ចំនួន ២នាក់ និងសង្កាត់រដ្ឋបាលជលផលស្ទោង ចំនួន២នាក់ រួមជាមួយកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើសកម្មភាពកាប់បំផ្លាញចោលនៅនឹងកន្លែង នូវរបាំងស្បៃមុងខុសច្បាប់ចំនួន ២១ របាំង ដែលមានប្រវែងជាង ២,០០០ម៉ែត្រ, ឡុកលូស្បៃមុងចំនួន ៣១ គ្រឿង, លបលូចំនួន ៥១ មាត់, កាប់បំផ្លាញបង្គោលកូនឈើធ្វើរបាំងចំនួនជាង ១,០០០ ដើម និងបានចាក់ព្រលែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ បានប្រមាណជាង ៨០ គីឡូក្រាម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបមុខរបរនេសាទ សូមមេត្តាបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ពិសេសការប្រើប្រាស់របាំស្បៃមុង និងឧបករណ៍ឆក់ត្រីគ្រប់ប្រភេទ ដែលច្បាប់បានហាមឃាត់ជាដាច់ខាត ព្រោះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិរបស់យើង ហើយដែលយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា ទុកឲ្យផលត្រីបានសម្បូរឡើងវិញ សម្រាប់សង្គមជាតិយើង និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការបន្តអនុវត្តឲ្យបានមុឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការការពារធនធានធម្មជាតិ ពិសេសធនធានមច្ឆជាតិ នៅក្នុងរដូវបិទនេសាទនេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យបានជាដាច់ខាត ៕





































