ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២ ៨៨៣បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១២ ៨៨៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅឃុំកំពង់គោ និងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់ស្វាយ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹនាំស្រុក លោកមេឃុំ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

នាឱកាសនោះដែរឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីវឌ្ឍនៈភាពស្ថានភាពនយោបាយក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាព្រំដែនតាមយន្តការសន្តិវិធី និងច្បាប់អន្តរជាតិ ព្រមទាំងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ជាពិសេសសូម បញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ទន្ទ្រាន ឈូសឆាយ រុករាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ ក៏ដូចជាដីក្នុងតំបន់បី ដែលជាតំបន់មានការកំណត់ និងការពារដោយច្បាប់។

ឯកឧត្តម សៅ សុភាព ថ្លែងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ ដើម្បីធានាសុវត្ថិភាព និងភាពច្បាស់លាស់នៃសិទ្ធិកាន់កាប់ និងសិទ្ធិលើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់នូវឯកសារផ្លូវការសម្រាប់បញ្ជាក់កម្មសិទ្ធិ និងកាត់បន្ថយវិវាទពាក់ព័ន្ធនឹងដីធ្លី។ ឯកឧត្តមបន្តថា តាមរយៈការងារនេះ នឹងរួមចំណែកដល់ការធានាសន្តិសុខ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទពាក់ព័ន្ធនឹងដីធ្លី លើកកម្ពស់ការគ្រប់គ្រង និងប្រើប្រាស់ធនធានដីធ្លីឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

ជាចុងក្រោយ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលនៅសេសសល់ ក្រុមការងារនឹងបន្តចែកជូនប្រជាពលរដ្ឋនៅតាមបណ្តាឃុំផ្សេងក្នុងស្រុកគោលដៅ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិស្របច្បាប់ទទួលបានវិញ្ញាបនបត្ររបស់ខ្លួនបានគ្រប់ៗគ្នា និងរក្សាទុកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានត្រឹមត្រូវ និងប្រើប្រាស់តាមគោលបំណងដែលច្បាប់បានកំណត់។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ