(វ៉ាស៊ីនតោន)៖ ប្រភពដែលដឹងឮពីរឿងនេះបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន លោក Rashad al-Alimi កាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធាដោយផ្ទាល់ណាមួយឡើយ បើទោះបីជាមានការស្នើសុំជំនួយដើម្បីទប់ទល់នឹងការវាយលុករបស់ក្រុមឧទ្ទាមហ៊ូទីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦។

ប្រភពព័ត៌មានបានបញ្ជាក់ថា លោកប្រធានាធិបតី Alimi បានស្នើសុំការគាំទ្រពីសហរដ្ឋអាមេរិក សម្រាប់រដ្ឋាភិបាលរបស់លោកដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីដែលមានខ្នងបង្អែកពីអ៉ីរ៉ង់ បន្ទាប់ពីក្រុមនេះបានបើកការវាយលុកដណ្តើមកាន់កាប់តំបន់សំខាន់ៗនៅតាមបណ្តោយច្រកសមុទ្រ Bab al-Mandeb កាលពីដើមខែនេះ។ ទោះជាយ៉ាងណា ប្រភពពីររូប រួមមានមន្ត្រីយេម៉ែនម្នាក់ និងមន្ត្រីលោកខាងលិចម្នាក់ បានអះអាងថាលោក ត្រាំ មិនបានផ្តល់ការសន្យាដោយផ្ទាល់ណាមួយលើការបញ្ជូនកងទ័ព ឬការគាំទ្រផ្នែកយោធានៅក្នុងកិច្ចសន្ទនានោះឡើយ។
កន្លងមក លោក ត្រាំ ធ្លាប់បានថ្លែងជាសាធារណៈថាសហរដ្ឋអាមេរិកបានទាក់ទងជាមួយក្រុមហ៊ូទី ហើយក្រុមប្រដាប់អាវុធនេះបានអះអាងថានឹងមិនកំណត់គោលដៅវាយប្រហារលើនាវាដឹកជញ្ជូនរបស់អាមេរិកនោះឡើយ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកក្រុមហ៊ូទីជាអង្គការភេរវករក៏ដោយ។ លើសពីនេះ លោក ត្រាំ ក៏ធ្លាប់បានច្រានចោលសំណើរបស់អារ៉ាប៊ីសាអូឌីត ដែលសុំការគាំទ្រផ្នែកយោធាប្រឆាំងនឹងក្រុមហ៊ូទីដូចគ្នាដែរ។
គួរបញ្ជាក់ថា ការរុលទៅមុខយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ូទីនៅជុំវិញច្រកសមុទ្រ Bab al-Mandeb ដែលជាផ្លូវទឹកពាណិជ្ជកម្ម និងថាមពលដ៏សំខាន់តភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប បានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងដល់ស្ថិរភាពនាវាចរណ៍ពិភពលោក ខណៈដែលរដ្ឋបាលលោក ត្រាំ ហាក់ដូចជាកំពុងប្រកាន់យកជំហរប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការធ្លាក់ខ្លួនចូលកាន់តែជ្រៅក្នុងសង្គ្រាមថ្មីមួយទៀតនៅក្នុងប្រទេសយេម៉ែន៕




























