ក្រសួងធនធានទឹក ជូនដំណឹងពីឥទ្ធិពលព្យុះទី២៦ «ស៊ូរីហ្គាអេ» ដែលបណ្តាលឱ្យភ្លៀង ខ្យល់ និងរលកសមុទ្រធំៗ ពីថ្ងៃនេះដល់ដាច់ខែកញ្ញា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២៦ ឈ្មោះ «ស៊ូរីហ្គាអេ» (Surigae) ដែលនឹងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និងនាំមកនូវភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ យ៉ាងណាមិញ ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះទេ។

យោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) T2626 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ចំពោះស្ថានភាពធាតុអាកាសក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នឹងមានការប្រែប្រួលដូចខាងក្រោម៖

១៖ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។

២៖ តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៥០%។

៣៖ តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៧០%។ រលកសមុទ្រនឹងបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងនឹងបន្តតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕