(ញូវយ៉ក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឱ្យដឹងកាលពីថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Miami រដ្ឋ Florida នៅខែធ្នូខាងមុខ ជាទីដែលមេដឹកនាំរុស្ស៉ីអាចនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Rubio ទម្លាយឱ្យដឹងព័ត៌មាននេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov នាឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ តាមលោកប្រមុខការទូតអាមេរិក ទីក្រុងវ៉ាស៊ីនតោននៅតែបើកចំហការទំនាក់ទំនងជាមួយរុស្ស៉ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន បើទោះជាកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពកំពុងជាប់គាំងក៏ដោយ។
«យើងបានអញ្ជើញលោកប្រធានាធិបតី ពូទីន ចូលរួមកិច្ចប្រជុំកំពូល G20។ យើងគិតថានេះជាឱកាសមួយសម្រាប់រូបលោកមិនត្រឹមតែជួបលោកប្រធានាធិបតី ត្រាំ ប៉ុណ្ណោះទេ តែក៏ជួបមេដឹកនាំពិភពលោកដទៃទៀតដែរ។ យើងសង្ឃឹមថាលោកនឹងទទួលយកការអញ្ជើញនេះ»។ នេះជាការលើកឡើងរបស់លោក Marco Rubio។
គួរបញ្ជាក់ថា លោក ត្រាំ និងលោក ពូទីន បានជួបគ្នាក្នុងទីក្រុង Anchorage រដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥។ ដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ថាទីក្រុងមូស្គូពេញចិត្តសម្រាប់ការអញ្ជើញនេះ ហើយនឹងធ្វើការពិចារណា៕




























