(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងនៅវ៉ាស៊ីនតោន) បានជំរុញឱ្យកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដោយនិយាយថាចិន និងសហរដ្ឋអាមេរិកគួរតែធ្វើជាដៃគូ ជាជាងធ្វើជាសត្រូវនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ជីនពីងធ្វើឡើងក្នុងសំណេរមួយដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua។ នៅក្នុងសំណេរនោះ លោក ស៊ី ជីនពីង បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសរបស់យើងទាំង២ គួរតែធ្វើជាដៃជាជាងធ្វើជាសត្រូវនឹងគ្នា»។ លោកបន្ថែមថាប្រជាជនចិន និងប្រជាជនអាមេរិកបានរីករាយជាមួយការផ្លាស់ប្ដូរទំនាក់ទំនងមិត្តភាពយូរអង្វែង និងផលប្រយោជន៍រវាងប្រទេសទាំង២។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ស៊ី ជីនពីង កើតមានឡើងចំពេលមជ្ឈដ្ឋាននានាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចចរចារវាងលោក ត្រាំ និងលោក ស៊ី ជីនពីង អំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនទៅកាន់សហរដ្ឋអាមេរិក។ ដូចការគ្រោងទុក លោក ត្រាំ បានចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់មុខជណ្ដើរយន្ដហោះនៅឯព្រលានយន្ដហោះនៅមូលដ្ឋានទ័ពអាកាស Joint Base Andrews ក្នុងរដ្ឋ Maryland កាលពីថ្ងៃពុធ៕




























