ឯកឧត្តម អ៊ុង វុទ្ធី ណែនាំឱ្យពង្រឹង និងយកចិត្តទុកដាក់លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

កំពង់ធំ៖ នារសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង៩។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុង វុទ្ធី បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង៩ ឱ្យយកចិត្តទុកដាក់រាយការណ៍ជាប្រចាំ និងឱ្យបានទៀងទាត់ អំពីស្ថានភាពគ្រោះមហន្តរាយដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងត្រូវមានវិធានការឆ្លើយតប និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់ និងការខូចខាតដែលអាចកើតមានចំពោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ។

ឯកឧត្តមអភិបាលរង បានស្នើឱ្យមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានភារកិច្ចទទួលបន្ទុកប្រមូល និងសរុបរបាយការណ៍ ត្រូវរៀបចំ និងបូកសរុបទិន្នន័យឱ្យបានច្បាស់លាស់ ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ជាមួយមន្ទីរ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងអាចទុកចិត្តបាននៃរបាយការណ៍ ជាពិសេសទិន្នន័យពាក់ព័ន្ធនឹងផលប៉ះពាល់ និងការខូចខាតលើដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្តទុកដាក់ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យអំពីផលប៉ះពាល់ និងការខូចខាតឱ្យបានហ្មត់ចត់ ដោយទិន្នន័យទាំងអស់ត្រូវមានប្រភពច្បាស់លាស់ និងទទួលបានពីមូលដ្ឋានភូមិ-ឃុំ/សង្កាត់របស់ខ្លួន។ ការអនុវត្តបែបនេះ គឺដើម្បីជៀសវាងការកើតមានកំហុសឆ្គង ឬភាពមិនស៊ីសង្វាក់គ្នានៃទិន្នន័យ ដែលអាចប៉ះពាល់ដល់ការរៀបចំផែនការ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់។

ឯកឧត្តម អ៊ុង វុទ្ធី បានបញ្ជាក់ថា បន្ទាប់ពីស្ថានភាពគ្រោះមហន្តរាយ ជាពិសេសទឹកជំនន់ បានស្រកចុះទៅស្ថានភាពដើមវិញ រដ្ឋបាលខេត្តនឹងបន្តរៀបចំការស្តារ នូវផលប៉ះពាល់ទាំងនោះឡើងវិញ។

ដូច្នេះ ការរៀបចំទិន្នន័យអំពីផលប៉ះពាល់ និងការខូចខាតឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសំណើសុំជំនួយ និងការគាំទ្រផ្សេងៗ មានដូចជា ស្បៀងអាហារ គ្រាប់ពូជផ្សេងៗ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដើម្បីជួយស្តារជីវភាពរបស់បងប្អូនយើង ក្រោយពីការរងផលប៉ះពាល់ដោយទឹកជំនន់ឲ្យបានប្រសើរឡើងវិញ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការតាមដានស្ថានភាពគ្រោះមហន្តរាយនេះ ឱ្យបានជាប់ជាប្រចាំ បើមានបញ្ហាអ្វីកើតឡើងជាបន្ទាន់ត្រូវ រាយការណ៍ព័តមានឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ៕