ខេត្តកំពង់ធំស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦០០នាក់ មកពី ១៧០ប្រទេស មកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

  កំពង់ធំ​ ៖ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦  ខេត្តកំពង់ធំបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ក្រុមភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦០០នាក់ មកពី១៧០ប្រទេស ដែលបានអញ្ជើញមកទស្សនា និងស្វែងយល់ពីសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងសក្តានុពលទេសចរណ៍នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ។
 
   ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយក្រុមហ៊ុនទេសចរណ៍អន្តរជាតិ G Adventures និងមានការសម្របសម្រួលដោយ ឧកញ៉ា ឆាយ ស៊ីវលីន​ ប្រធានសមាគមទេសចរណ៍កម្ពុជា និងឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ ដោយមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍សហគមន៍នៅតំបន់សំបូរព្រៃគុក។ ក្នុងឱកាសនេះ ភ្ញៀវទេសចរអន្តរជាតិបានចូលទស្សនាប្រាសាទសំបូរព្រៃគុក ដែលជាតំបន់បុរាណវិទ្យា និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ព្រមទាំងបានស្វែងយល់ពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្មបុរាណ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន។ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៦០០នាក់នេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខេត្តកំពង់ធំទៅកាន់ភ្ញៀវអន្តរជាតិ និងជួយបង្កើនការយល់ដឹងអំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា។
 
   ជាមួយគ្នានេះ ដំណើរទស្សនកិច្ចក៏បានចូលរួមគាំទ្រដល់ការអភិវឌ្ឍ ទេសចរណ៍សហគមន៍សំបូរព្រៃគុក តាមរយៈការបង្កើនឱកាសឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍ ការលក់ផលិតផលក្នុងសហគមន៍ ការផ្តល់សេវាកម្មទេសចរណ៍ និងការបង្ហាញអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ខ្លួនជូនភ្ញៀវទេសចរ។ការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនៅប្រាសាទសំបូរព្រៃគុក ក៏ជាការរួមចំណែកបន្ថែមក្នុងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ដ៏សម្បូរបែប និងជំរុញឱ្យតំបន់សំបូរព្រៃគុកកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលអនាគត។