
(កំពង់ធំ)÷ អភិបាលស្រុកស្ទោង បញ្ជាដាច់ខាតដល់គ្រប់បណ្ដាឃុំពាក់ព័ន្ធ ត្រូវចុះកាយបើកលូដែលអសកម្មដើម្បីរំដោះ និងបញ្ជៀសទឹកជំនន់។ លោក សាយ គឹមឡម បានធ្វើការបញ្ជានេះក្នុងឱកាសដែលលោកនិងសហការីបានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងស្ទោង ពីឃុំម្សាក្រង ដល់ឃុំបន្ទាយស្ទោង នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
លោកសង្កត់ធ្ងន់ថា អាជ្ញាធរភូមិ/ឃុំ និងគ្រប់អ្នកពាក់ព័ន្ធត្រូវចុះផ្ទាល់ដល់ទីតាំងមូលដ្ឋាន ជាពិសេសគ្រប់លូបង្ហូររំដោះទឹកទាំងអស់ត្រូវប្រាកដថាជាលូដែលសកម្មកំពុងរំដោះទឹកប្រសិនបើមានការកកស្ទះត្រូវធ្វើការកាយបើកឱ្យមានដំណើរការឡើងវិញដើម្បីធានានៅការរំដោះទឹកជំនន់បន្ទាន់បំផុតដែលកំពុងតែយារយីរស្រុកស្ទោង ក្នុងស្ថានភាពដែលស្ទឹងស្ទោងបន្តទទួលរងទឹកភ្លៀងផ្នែកខាងលើនិងឥទ្ធិពលព្យុះដែលមិនទាន់អស់ឥទ្ធិពលនៅឡើយ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានឱ្យអាជ្ញាធរ/ភូមិ/ឃុំ ត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាពផលប៉ះពាល់ស្រែ ចម្ការ ផ្ទះសម្បែងនិងការជនលិចខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាពិសេសផ្លូវលំ ផ្លូវថ្នល់ គ្រប់ប្រភេទនិងធ្វើការសិក្សារំដោះជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
លើសពីនេះលោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងក្រុមការងារ ដែលបានជួយអភិវឌ្ឍន៍ស្រុកស្ទោងជាពិសេសប្រព័ន្ធធារាសាស្ត្រថ្មីៗ ដែលកំពុងសកម្មក្នុងការពង្វាង និងរំដោះទឹកជំនន់មិនឱ្យជន់លិចដល់ទីរួមស្រុកស្ទោង។

ឆ្លៀតក្នុងឱកាសនោះលោកបានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានជាពិសេសពលរដ្ឋនៅតាមដងស្ទឹងស្ទោងត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពទឹកជំនន់ និងកុំបណ្ដោយឱ្យកុមារលេងទឹកផ្តេសផ្ដាសជាពិសេសត្រូវឱ្យនៅផ្ទះជាមួយមនុស្សចាស់ដើម្បីធានាសុវត្ថិភាពពីការលង់ទឹកជាយថាហេតុ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង






































