
(ខេត្តកំពង់ធំ) ៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងជាប្រធានក្រុមការងារមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវពលរដ្ឋក្នុងមូលដ្ឋានឱ្យទៅធ្វើជីវាត្រនិងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានធ្វើការអំពាវនាវនេះក្នុងជំនួបសំណេះសំណាលសួរសុខទុក្ខជាមួយសមាជិក សមាជិកា និងមេគ្របសារបក្ស ប្រជាជនកម្ពុជានៅក្នុងភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦។
លោក ផាង វី បានសង្កត់ធ្ងន់ថា ក្នុងនាមសមាជិក សមាជិកាដែលជាអ្នកគោរពស្រឡាញ់ មានស្វាមីភក្តិខ្ពស់ជាមួយគណបក្សគឺ ត្រូវប្រាកដថាខ្លួនមានឈ្មោះយ៉ាងជាក់ច្បាស់នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៦ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយនេះ ហើយត្រូវនាំគ្នាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានគ្រប់ៗគ្នា ដើម្បីបន្តរួមរស់ប្រគៀកស្មាគ្នាអភិវឌ្ឍន៍មូលដ្ឋាននិងសម្រេចគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជាពិសេស ថែរក្សាការពារម្លប់សន្តិភាពឱ្យបានគង់វង្ស។
ជាមួយគ្នានេះ លោកប្រធានបានរំលេចពីសមិទ្ធផលជាច្រើនស្អេកស្កះ ដែលក្រុមការងារចុះមូលដ្ឋានឃុំទ្រាសម្រេចនិងបានកសាងជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលក្រោមការផ្តួចផ្ដើមចង្អុលបង្ហាញរបស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សុខុមាលភាព ជីវភាព ពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងបន្តរួមរស់ប្រកៀកស្មាជាមួយពលរដ្ឋគ្រប់ពេលវេលា ។
ទន្ទឹមនឹងនេះលោក ផាង វី បាន លើកទឹកចិត្ត និងកោតសរសើរខ្ពស់ដល់ក្រមការងារទាំង១៦ភូមិ អាជ្ញាធរមូលដ្ឋាននិង យុវជនគណបក្សឃុំ ត្រូវបន្តបេសកកម្មរបស់ខ្លួនឱ្យបានដូចភ្លៀងរលឹម ជាពិសេសចុះជួបសំណេះសំណាលសួរសុខទុក្ខ ដោះស្រាយបញ្ហា សំណូមពរ និងឧបត្ថម្ភគាំទ្រស្បៀងចំពោះក្រុមគ្រួសារដែលកំពុងមានបញ្ហា ហានិភ័យផ្នែកសេដ្ឋកិច្ចនិងជីវភាពឱ្យបានទៀងទាត់ ជាពិសេសទៀតបងប្អូនស្ត្រីដែលពពោះនិងឆ្លងទន្លេកូនខ្ចី និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារដែលមានសមាជិកសមាជិកាទទួលមរណភាព ដើម្បីទទួលបានការជឿជាក់ខ្ពស់ពីមូលដ្ឋាន។
លើសពីនេះលោកប្រធានក្រុមការងារបានអំពាវដល់ពលរដ្ឋក្នុងមូលដ្ឋានត្រូវត្រៀមលក្ខណៈនិងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទឹកជំនន់ជាយថាហេតុជាពិសេសក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជាកំពុងរងឥទ្ធិពលវិទ្យុនិងភ្លៀងធ្លាក់ជាបន្តបន្ទាប់នាចុងខែកញ្ញានេះនៅលើអាងស្ទឹងស្ទោង។
សូមបញ្ជាក់ថាក្នុងឱកាសនេះលោក ផាង វី បានឧបត្ថម្ភដល់សមាជិក សមាជិកា ដែលបាទចូលរួមក្នុងពិធីនេះប្រមាណជា ៧00 នាក់ ដែលក្នុងម្នាក់ៗទទួលបាននូវថវិកា២ម៉ឺនរៀលព្រះសង្ឃ ២៩អង្គ ក្នុង១អង្គបច្ច័យ ២ម៉ឺនរៀល និងប្រគេនបច្ច័យសម្រាប់កសាងវត្តស្រីទូលផងដែរ។















































