កូរ៉េខាងត្បូង ទាមទារឱ្យអ៊ុយក្រែនសូមទោស ជុំវិញការទម្លាយព័ត៌មានពីការផ្ទេរឈ្លើយសឹកជាទាហានកូរ៉េខាងជើង

(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានទាមទារការពន្យល់ជាផ្លូវការ និងការសូមទោសពីអ៊ុយក្រែន ដោយចោទទីក្រុងកៀវថាបានទម្លាយពីកិច្ចព្រមព្រៀងសម្ងាត់រវាងប្រទេសទាំង២ ពាក់ព័ន្ធនឹងការបញ្ជូនទាហានកូរ៉េខាងជើង ២នាក់ទៅកាន់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិកម្មរបស់កូរ៉េខាងត្បូងធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ «ការិយាល័យប្រធានាធិបតីសូមបង្ហាញការសោកស្ដាយជាខ្លាំងចំពោះការទម្លាយជាសាធារណៈដោយឯកតោភាគីរបស់អ៊ុយក្រែន និងការបដិសេធរបស់ទីក្រុងកៀវដែលថាមិនមានកិច្ចព្រមព្រៀងសម្ងាត់ទ្វេភាគីបែបនេះទេ»។ នេះជាការគូសបញ្ជាក់របស់លោក Seong Ghi-hong ជាលេខាធិការទទួលបន្ទុកទំនាក់ទំនងសាធារណៈនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ លោកបានបន្តទៀតថារដ្ឋាភិបាលទីក្រុងសេអ៊ូលកំពុងពិនិត្យឡើងវិញលើវិធានការបន្ថែមជុំវិញបញ្ហានេះ ប្រសិនបើចាំបាច់។

តាមលោក Seong Ghi-hong អ៊ុយក្រែនបានពិភាក្សាម្ដងហើយម្ដងទៀតពីការផ្ទេរឈ្លើយសឹកជាមួយទីក្រុងសេអ៊ូល តាមរយៈបណ្ដាញការទូតជាច្រើន ហើយបានស្នើឱ្យទុករឿងនេះជាការណ៍សម្ងាត់ ពីព្រោះការទម្លាយឱ្យដឹងសាធារណៈអាចនឹងបង្កការរិះគន់លើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហ្សេលេនស្គី ថាបានបោះបង់ចោលឱកាសមួយដើម្បីដោះដូរទាហានកូរ៉េខាងជើង ដែលត្រូវបានចាប់ជាឈ្លើយសឹកជាមួយទាហានអ៊ុយក្រែនជាឈ្លើយសឹក។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងរូបនេះបានអះអាងថាកូរ៉េខាងត្បូងបានយល់ព្រមរក្សាការផ្ទេរទាហានកូរ៉េខាងជើងជាការណ៍សម្ងាត់ នៅក្រោមហេតុផលសន្តិសុខ ការទូត និងមនុស្សធម៌ ក្នុងនោះរួមមានទាំងការការពារសុវត្ថិភាពឈ្លើយសឹក និងសមាជិកគ្រួសាររបស់ពួកគេនៅកូរ៉េខាងជើង។

ក៏ប៉ុន្តែបើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង អ៊ុយក្រែនបែរជាទម្លាយព័ត៌មានខាងលើជាសាធារណៈក្នុងពេលដែលលោក ហ្សេលេនស្គីថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ ដោយមិនបានពិគ្រោះយោបល់ជាមួយកូរ៉េខាងត្បូងជាមុន ហើយថែមទាំងបដិសេធថាមិនមានកិច្ចព្រមព្រៀងសម្ងាត់បែបនេះរវាងសេអ៊ូល និងកៀវ ទៀតផង។ លោក Seong បាននិយាយថាការបដិសេធនេះបានបង្កការខូចខាតធ្ងន់ដល់ទំនុកចិត្តរវាងប្រទេសទាំង២ ហើយអាចនឹងឈានដល់ធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កាលពីសប្ដាហ៍មុនបាននិយាយថាអ៊ុយក្រែនបានផ្ទេរទាហានកូរ៉េខាងជើង២នាក់ដែលត្រូវបានចាប់ជាឈ្លើយសឹកទៅកាន់កូរ៉េខាងត្បូង។ ទាហានកូរ៉េខាងជើងទាំង២នេះត្រូវបានចាប់ខ្លួនអំឡុងការវាយប្រយុទ្ធគ្នាជាមួយទាហានអ៊ុយក្រែនក្នុងតំបន់ Kursk របស់រុស្ស៉ី។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក៏បាននិយាយដែរថាការទម្លាយព័ត៌មានពីការផ្ទេរទាហានកូរ៉េខាងជើង គឺជាទង្វើបំពានកិច្ចព្រមព្រៀងសម្ងាត់ទ្វេភាគី៕