(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានណែនាំឱ្យក្រុមការងារអន្តរក្រសួង និងប្រធាននាយកដ្ឋានច្បាប់អន្តរជាតិរបស់ប្រទេសអ៉ីស្រាអែល រៀបចំកសាងសំណុំរឿងប្រឆាំង ប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានក្នុងស្រុករបស់អ៉ីស្រាអែលផ្ទាល់។

សារព័ត៌មានអ៉ីស្រាអែល i24 បានរាយការណ៍ថា អ៉ីស្រាអែលកំពុងផ្តោតលើការសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់រដ្ឋាភិបាលលោក Erdogan ចំពោះជនជាតិភាគតិចឃើដ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ទីក្រុងអង់ការ៉ា ដល់ក្រុមហាម៉ាសប៉ាឡេស្ទីន។ លោក Netanyahu បានចេញបញ្ជាឱ្យមន្រ្តីអ៉ីស្រាអែល រៀបចំកសាងសំណុំរឿងមួយ ដែលអាចនឹងត្រូវដាក់ជូនតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីក្រុងឡាអេ។
ចំណាត់ការខាងលើកើតមានឡើង ចំពេលភាពតានតឹងកើនកាន់តែខ្លាំងរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមប្រហែលមួយខែមុន បន្ទាប់ពីលោក Erdogan ប្រកាសថា រូបលោកបានស្នើសុំឱ្យប៉ូលិសអន្តរជាតិ Interpol ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនលោក Netanyahu។ បទបញ្ជារបស់លោក Netanyahu គឺជាផ្នែកមួយនៃការបង្កើនវិធានការប្រឆាំងគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលទាំងពីរ។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីការស៊ើបអង្កេតលើការសង្ស័យឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តុលាការ ICC បានចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant។ យ៉ាងណាមិញ ទាំងអ៉ីស្រាអែល និងតួកគីយ៉េ សុទ្ធតែមិនបានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាបង្កើតតុលាការ ICC ឡើយ។ ហេតុដូច្នេះ ប្រទេសទាំងពីរមិនស្ថិតក្រោមដែនយុត្តាធិការផ្ទាល់របស់តុលាការអន្តរជាតិនេះទេ៕




























