ការរាលដាលជំងឺអេបូឡានៅក្នុងប្រទេសកុងហ្គោ កើនឡើងដល់ ៨០០០ករណី

(គីនស្ហាសា)៖ យោងតាមទិន្នន័យរដ្ឋាភិបាល នាថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ចំនួនអ្នកឆ្លងជំងឺអេបូឡា នៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងលើសពី ៨ ០០០ករណី ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើង នូវជំងឺអេបូឡាក្នុងប្រទេសអាហ្រ្វិកកណ្តាលមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

របាយការណ៍ស្តីស្ថានភាពថ្មីចុងក្រោយបង្អស់ពីវិទ្យាស្ថានសុខភាពសាធារណៈកុងហ្គោ បង្ហាញថាចំនួនករណីឆ្លងមាន ៨ ០៦៧ករណី និងអ្នកស្លាប់មាន ៣ ៩០១នាក់។ ការផ្ទុះដែលបង្កឡើងដោយមេរោគអេបូឡាប្រភេទ Bundibugyo បានបង្កជាបញ្ហាធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្ត្រកុងហ្គោ បន្ទាប់ពីចំនួនអ្នកឆ្លងមានច្រើនជាងការផ្ទុះឡើងនៅឆ្នាំ ២០១៨-២០២០។

អត្រាឆ្លងនេះក៏ស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺនៅអាហ្វ្រិកខាងលិចក្នុងឆ្នាំ ២០១៤-២០១៦ ដែលបានឆ្លងទៅលើ មនុស្សច្រើនជាង ២៨ ៦០០នាក់ និងបណ្តាលឱ្យមនុស្សជាង ១១ ០០០នាក់ស្លាប់នៅក្នុងប្រទេសហ្គីណេ ប្រទេសលីបេរីយ៉ា និងប្រទេសសៀរ៉ាឡេអូន៕