(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា អ៉ីរ៉ង់គ្មានផែនការចរចាជុំថ្មី ជាមួយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងញូវយ៉កនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រភពមួយដែលជិតដិតនឹងគណៈប្រតិភូអ៉ីរ៉ង់ ដែលកំពុងស្ថិតនៅក្នុងទីក្រុងញូវយ៉ក បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ថាទីក្រុងតេហេរ៉ង់ រង់ចាំការឆ្លើយតបពីទីក្រុងវ៉ាស៉ីនតោន ជុំវិញសំណើដែលខ្លួនបានបញ្ជូនតាមរយៈប្រទេសកាតា កាលពីថ្ងៃអង្គារសប្តាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi គ្រោងចាកចេញពីទីក្រុងញូវយ៉ក នៅថ្ងៃអង្គារស្អែកនេះ ក្រោយបញ្ចប់ការងារដែលបានគ្រោងទុក។
ការចេញផ្សាយនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោករំពឹងថាការចរចាជាមួយអ៉ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍នេះ បន្ទាប់ពីបានបដិសេធសំណើរបស់អ៉ីរ៉ង់ ស្តីពីការដាក់ឈប់បាញ់រយៈពេល ៧ថ្ងៃ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ៕




























