ប្រេងឆៅ Brent បន្តហក់ឡើងដល់តម្លៃជាង ១០៧ដុល្លារក្នុងមួយបារ៉ែល

(Reuters)៖ តម្លៃប្រេងឆៅ Brent បានហក់ឡើងជាង ៣ភាគរយនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើបទឈប់បាញ់ពីអ៉ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលធ្វើឱ្យតំបន់មជ្ឈិមបូព៌ានៅមានភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើកវគ្គជួញដូរថ្ងៃចន្ទនេះ ប្រេងឆៅប្រភេទ Brent មានតម្លៃ ១០៧,៧៥ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិក មានតម្លៃ ៩៤,៥៥ដុល្លារក្នុងមួយបារ៉ែល។

នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ អ៉ីរ៉ង់បានប្រកាសពីសំណើស្ដីពីសន្តិភាពមួយ ដោយបញ្ជាក់ថា សំណើនោះត្រូវបានបញ្ជូនទៅកាន់ភាគីអាមេរិក តាមរយៈអ្នកសម្របសម្រួលមកពីប្រទេសកាតា។ ប៉ុន្តែលោក ត្រាំ បានបដិសេធ ហើយបានប្រាប់សារព័ត៌មាន Axios ថាលោករំពឹងថាអ្នកចរចារបស់សហរដ្ឋអាមេរិក នឹងបន្តការចរចាបន្ថែមទៀតនៅសប្តាហ៍នេះ។ លោកស្រី Sugandha Sachdeva ស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវ SS WealthStreet មានមូលដ្ឋាននៅទីក្រុងញូវដេលី បាននិយាយថា ការបដិសេធនេះ បានកាត់បន្ថយក្តីសង្ឃឹមនៃការសម្រេចបាននូវរបកគំហើញជាវិជ្ជមានភ្លាមៗ ទោះបីជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមិនទាន់បញ្ចប់។

ទន្ទឺមនោះ អារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក ក៏កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីនៅយេម៉ែន គាំទ្រដោយអ៉ីរ៉ង់ផងដែរ។ អ្នកវិភាគរបស់ធនាគារ ANZ បានលើកឡើងថា ផលិតផលប្រេងចម្រាញ់រួចនៅតែជាកត្តាបង្កសម្ពាធ ដោយតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលធ្វើឱ្យហានិភ័យនៃអតិផរណាកាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យមានការជជែកវែកញែកឡើងវិញ អំពីលទ្ធភាពនៃការដាក់កម្រិតលើការនាំចេញ៕