អភិបាលស្រុកតាំងគោក ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងការងារសេវាសាធារណៈក្នុងមូលដ្ឋាន

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការរដ្ឋបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពិនិត្យ និងណែនាំលើការងារសំខាន់ៗមួយចំនួន សំដៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អង្គប្រជុំបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើរបាយការណ៍សន្តិសុខ ដែលរាយការណ៍ដោយលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក, ផ្អែកលើរបាយការណ៍ និងស្ថានភាពជាក់ស្តែង លោកអភិបាលស្រុកបានដាក់ចេញនូវអនុសាសន៍ និងទិសដៅការងារសំខាន់ៗ រួមមាន៖ ការបន្តពង្រឹងការងារ «ទីបញ្ជាការស្រាល» ដើម្បីចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែង ក្នុងការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសនៅ «តំបន់៣» និង «តំបន់ព្រៃលិចទឹក» ដោយមិនបណ្តោយឱ្យមានបទល្មើសកាប់បំផ្លាញព្រៃឈើ ព្រមទាំងសកម្មភាពនេសាទខុសច្បាប់ណាមួយកើតឡើងនៅក្នុងដែនសមត្ថកិច្ចឡើយ។

ជាមួយគ្នានេះលោកអភិបាលស្រុក ក៏បានណែនាំឱ្យមន្ត្រីជំនាញ ចុះផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងធ្វើកិច្ចសហការឱ្យជិតស្និទ្ធជាមួយអាជ្ញាធរឃុំ និងភូមិ ដើម្បីដាស់តឿន ព្រមទាំងជំរុញប្រជាពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឱ្យមកធ្វើការបន្តថ្មី និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ឱ្យមកថតធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា។

សម្រាប់ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ លោកបានធ្វើការក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជិតឈានចូលមកដល់ ដោយត្រូវចាត់វិធានការបង្ការ និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសចោរកម្មផ្សេងៗ។

បន្ថែមពីនេះ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើឱ្យអាជ្ញាធរឃុំទាំងអស់ ត្រូវតាមដានជាប្រចាំនូវស្ថានភាពទឹកភ្លៀង និងផលប៉ះពាល់លើដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដោយសារបច្ចុប្បន្នមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

អាជ្ញាធរមូលដ្ឋានត្រូវក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ស្វែងយល់ពីរបៀបធ្វើរបាយការណ៍អំពីគ្រោះមហន្តរាយនានា និងត្រូវរាយការណ៍មកថ្នាក់ស្រុកឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ ជាក់ស្ដែង និងជៀសវាងការរាយការណ៍មិនពិត។ កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា និងការប្តេជ្ញាចិត្តខ្ពស់ពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តបទបញ្ជា និងទិសដៅការងារឱ្យមានប្រសិទ្ធភាព ដើម្បីសុខសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកទាំងមូល៕