ចំណង់ដៃស្ពានថ្មថ្មី របស់សម្ដេចអធិបតីឆ្លងកាត់ស្ទឹងស្ទោង សម្រេចបានលទ្ធផលជិត១00%ហើយ

(ខេត្តកំពង់ធំ) ៖ ចំណង់ដៃស្ពានថ្មថ្មីរបស់សម្ដេចអធិបតីឆ្លងកាត់ស្ទឹងស្ទោងសម្រេចបានលទ្ធផលជិត១00%ហើយ

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានឱ្យដឹងដូច្នេះនៅក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងស្ទោង ដែលជាចំណងដៃមិនអាចកាត់ថ្លៃបានរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងភូមិអូរដូង នៃឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី និងការដឹកនាំអនុវត្តផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រោមកិច្ចសហការខ្ពស់របស់ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំដល់សុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេស ការធ្វើដំណើរ ឆ្លងកាត់ស្ទឹងស្ទោង លើស្ពានថ្មថ្មីជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដែលកសាងដោយសហគមន៍ និងសប្បុរសជនមានសុវត្ថិភាព ឆាប់រហ័សនិងងាយស្រួលជាងមុនជាងមុន។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រើសជ្រៅដល់ក្រុមការងារបច្ចេកទេស វិស្វករដែលបានដុតដៃដៃដុតជើងក្នុងការធ្វើស្ពានថ្មីនេះ បានយ៉ាងឆាប់រហ័សតាមការគ្រោងទុក និងបានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានសូមជួយថែរក្សាសមិទ្ធផលដែលមិនអាចកាត់ថ្លៃបានដែលសម្ដេចនាយករដ្ឋមន្ត្រីចងដៃ នៅក្នុងឱកាសនេះឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា ស្ពានថ្មីនេះមានទទឹង ៨ម៉ែត្រ បណ្ដោយ៦០ម៉ែត្រ និងមានជើងទេផ្លូវបេតុងសងខាងប្រវែង១៥០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោងនៃភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង