រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារ៩ខែ និងកំណត់ទិសដៅការងារបន្ត, ក្រសួងទេសចរណ៍ ត្រៀមរៀបចំបុណ្យសមុទ្រលើកទី១២ នៅខេត្តព្រះសីហនុនាចុងឆ្នាំនេះ

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ វាយតម្លៃលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងកំណត់អាទិភាពការងារបន្ត។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ជាច្រើនរូប ដោយបានពិភាក្សាលើការងារសំខាន់ៗក្នុងវិស័យទេសចរណ៍ រួមមាន ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ការអភិវឌ្ឍផលិតផលទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្ម និងធនធានមនុស្ស ព្រមទាំងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើការងារពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍ និងការត្រៀមរៀបចំ បុណ្យសមុទ្រលើកទី១២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានណែនាំឱ្យអង្គភាពជំនាញបន្តពង្រឹងកិច្ចសហការរវាងអង្គភាព និងជាមួយដៃគូពាក់ព័ន្ធទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញការអនុវត្តផែនការសកម្មភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញ និងគុណភាព៕