ឯកឧត្តម ចាន់ ស៊ីណាត បានអំពាវនាវពលរដ្ឋឱ្យថែរក្សាវប្បធម៌ ៧មករា និងគណបក្សប្រជាជនឱ្យបានគង់វង្សដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍

(ខេត្តកំពង់ធំ)៖ឯកឧត្តម ចាន់ ស៊ីណាត បានអំពាវនាវពលរដ្ឋឱ្យថែរក្សាវប្បធម៌ ៧មករា និងគណបក្សប្រជាជនឱ្យបានគង់វង្សដើម្បីសុខសន្តិភាពុំនិងការអភិវឌ្ឍន៍

ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានលើកឡើងដូច្នេះក្នុងឱកាសដែល ឯកឧត្តមបានជួបសំណេះសំណាលជាមួយលោកតា លោកយាយពុទ្ធបរិស័ទនិងព្រះសង្ឃនៅក្នុងវត្តខ្មាក់ ក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងនាមឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ឯកឧត្តម ចាន់ ស៊ីណាត បានសំដែងនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋានឃុំចំណាលើនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះ និងគ្រប់វិស័យ ជាពិសេសការនៅរួមរស់ស្និទ្ធស្មាដោយផ្ទាល់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅក្នុងឃុំចំណាលើ ឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវថែមទៀតដល់ពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធរ ការិយាល័យអង្គភាព មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរស្រុកស្ទោងត្រូវរួបរួមសហការប្រកៀកស្មាគ្នា ក្នុងការប្រយុទ្ធប្រឆាំងទប់ទល់នឹងគ្រោះទឹកជំនន់ ដែលកំពុងយារយីរ ក្នុងស្រុកស្ទោង ក្នុងឃុំចំណាលើកុំឱ្យលិចលង់និងប៉ះពាល់ធ្ងន់ធ្ងរដល់ផលដំណាំនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជីវភាពរស់នៅក្នុងមូលដ្ឋាន ។

ឯកឧត្តមបានបន្ថែមថា ក្នុងនាមក្រុមការងារ អាជ្ញាធរមូលដ្ឋានគឺនៅរួមរស់ស្និទ្ធស្នាលមិនដែលបណ្ដោយឬទុកឱ្យពលរដ្ឋនៅក្នុងឃុំចំណាលើរងគ្រោះឯកា ខ្វះភាពកក់ក្តៅ ឬគ្មានការយកចិត្តទុកដាក់នោះឡើយ ផ្ទុយទៅវិញគឺមានតែភាពស្និទ្ធស្នាល និងជឿជាក់បន្ថែមទៀត ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភដល់វត្តទាំង៦នៅក្នុងឃុំចំណាលើក្នុងឱកាសកាន់បិណ្យភ្ជុំបិណ្ឌនេះ ក្នុង១វត្តបច្ច័យចំនួន២លានរៀល ដោយឡែកវត្តខ្មាក់ ទទួលបាននូវបច្ច័យ៤លានរៀលបន្ថែមទៀត សម្រាប់កសាងវត្ត និងបានឧបត្ថម្ភដល់ពុទ្ធបរិស័ទដែលបានចូលរួមនៅក្នុងឱកាសនេះប្រមាណ២៤៣នាក់ ក្នុង១នាក់ទទួលបានថវិកា៤ម៉ឺនរៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង