ឧត្ដមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្ដម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួនជាង ២៣១លានរៀល របស់រាជរដ្ឋាភិបាល ជូនក្រុមគ្រួសារសពអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ចំនួន ២០គ្រួសារ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួន ២៣១,៤៤៧,៩១១៥ រៀល របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១០គ្រួសារ និងអតីតមន្ត្រីរាជការស៊ីវិល ចំនួន ១០គ្រួសារ ដែលអញ្ជើញមកពីតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ និងសហការី ព្រមទាំងនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានអញ្ជើញចូលរួមផងដែរ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានឡើងរាយការណ៍អំពី គោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដល់ប្រាក់ធានាអារ៉ាប់រងសង្គម សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ដែលបានទទួលមរណភាពនាពេលកន្លងទៅ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត និងបានគូសបញ្ជាក់អំពី ចំនួនទឹកប្រាក់ដែលក្រុមគ្រួសារសពអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានទទួល មានការខុសៗគ្នា ទៅតាមឋានន្តរសក្កិ និងអតីតភាពការងារ និងប្រភេទមុខសញ្ញារបស់អតីតមន្ត្រីរាជការនីមួយៗ ដែលជានិវត្តជន ជនពិការ និងជនបាត់បង់កាយសម្បទាផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះអតីតយុទ្ធជន និងនិវត្តជនរបស់យើង ដែលបានទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ និងបានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះអតីតយុទ្ធជន និងនិវត្តជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ហើយក្នុងរយៈពេលជាង ៣ខែកន្លងទៅ ក្នុងពិធីបុណ្យសព ក្រុមគ្រួសារសពអតីតយុទ្ធជនបានទទួលថវិកាបេឡាមរណៈសង្គ្រោះសម្រាប់ធ្វើបុណ្យសព រួចមកហើយ និងនៅថ្ងែនេះបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ត្រូវបានទទួលកញ្ចប់ថវិកាធានារ៉ាប់រងសង្គមរបស់រាជរដ្ឋាភិបាលសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានជម្រាបជូន អំពីរចនាសម្ព័ន្ធ និងលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ហើយក៏បានបញ្ជាក់ជូនអំពីលក្ខណៈសម្បត្តិ និងការស្ម័គ្រចិត្តដាក់ពាក្យសុំចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ហើយនិងអត្ថប្រយោជន៍ដែលសមាជិក សមាគមទទួលបាន ក្រោមការឧបត្ថម្ភគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

ក្រុមគ្រួសារសពអតីតយុទ្ធជន និងនិវត្តជនចំនួន ២០គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន នៅក្នុងខេត្តកំពង់ធំ និងបានប្តេជ្ញាចិត្តដាច់ខាតគាំទ្រការដឹកនាំរបស់សម្ដេចលុះត្រាអវសាន្តជីវិត និងបានសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបានតែនឹងពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។