(រីយ៉ាដ)៖ ក្រុមប្រដាប់អាវុធហ៊ូទី (Houthi) នៅប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ បានប្រកាសថា ខ្លួនបានបាញ់ស្រោចមីស៊ីលបាលីស្ទិក និងបញ្ជូនដ្រូនជាច្រើនគ្រឿង វាយប្រហារលើរោងចក្រប្រេងរបស់ក្រុមហ៊ុន Aramco ក្នុងរដ្ឋធានីរីយ៉ាដ ដើម្បីសងសឹកនឹងការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអូឌីត លើរដ្ឋធានីសាណា (Sanaa) និងខេត្តមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

សាក្សីម្នាក់បានប្រាប់ Reuters ថា គេបានឃើញអណ្តាតភ្លើង និងផ្សែងហុយខ្មួលខ្មាញ់ឡើងលើមេឃ ក្បែរទីតាំងរោងចក្រ Aramco ក្នុងរដ្ឋធានីរីយ៉ាដ កាលពីព្រឹកថ្ងៃសៅរ៍។ ទោះជាយ៉ាងណា អាជ្ញាធរអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនប្រេងជាតិ Aramco មិនទាន់បានបញ្ជាក់ ឬផ្ដល់ការបំភ្លឺណាមួយជុំវិញការអះអាងនេះនៅឡើយទេ។
ការវាយប្រហារនេះ កើតឡើងស្របពេលជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីកាន់តែឡើងកម្តៅខ្លាំង ដោយក្រុមប្រដាប់អាវុធនេះបានបង្កើនការវាយប្រហារលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត។ កាលពីសប្តាហ៍មុន ក្រុមហ៊ូទីក៏ធ្លាប់បានអះអាងពីការវាយប្រហារលើរោងចក្រ Aramco ក្នុងទីក្រុងយ៉ានប៊ូ (Yanbu) ផងដែរ ប៉ុន្តែពេលនោះ អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ខ្លួនបានបាញ់ស្ទាក់កម្ទេចមីស៊ីលបាលីស្ទិកចំនួន ៦ គ្រាប់ដែលបាញ់សំដៅតំបន់ Taif និង Yanbu ដោយមិនបណ្តាលឱ្យមានការខូចខាតដល់រោងចក្រប្រេងឡើយ ៕




























