(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារចំស្ពានប៉ែកខាងជើងឆ្លងកាត់ទន្លេឌីនីប្រូ (Dnipro) ក្នុងរដ្ឋធានីកៀវ ដែលជាផ្លូវយុទ្ធសាស្ត្រសម្រាប់ដឹកជញ្ជូនកងទ័ព និងសម្ភារយោធារបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បន្ថែមថា ខ្លួនក៏បានវាយប្រហារលើនាវាដឹកទំនិញ ២ គ្រឿង ដែលកំពុងដឹកជញ្ជូនសម្ភារសឹកឆ្ពោះទៅកាន់កំពង់ផែអូដេសា (Odesa) នៅភាគពាយព្យសមុទ្រខ្មៅ ព្រមទាំងបានវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងទៀតនៅប៉ែកខាងកើតអូដេសា មជ្ឈមណ្ឌលភស្តុភារកម្ម Nova Poshta ក្នុងក្រុង Chornomorsk និងមជ្ឈមណ្ឌលទិន្នន័យមួយកន្លែងផងដែរ។
ការប្រកាសបង្កើនការវាយប្រហាររបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានប្រាប់ Reuters ថាក្រុងកៀវនឹងបង្កើនការវាយប្រហារសងសឹកលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ ដំណាលគ្នានេះ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ស្ទាក់ និងកម្ទេចដ្រូនអ៊ុយក្រែនចំនួន ៥៥៩ គ្រឿង ក្នុងរយៈពេល ១២ ម៉ោង នៅលើតំបន់ជាច្រើនរបស់រុស្ស៊ី ព្រមទាំងដែនអាកាសលើសមុទ្រអាហ្សូវ (Azov) និងសមុទ្រខ្មៅ៕




























