មីយ៉ាន់ម៉ា ថាមានពលរដ្ឋចំណាកស្រុកជិត ១០០០០នាក់ ត្រឡប់មកពីម៉ាឡេស៉ីវិញ នៅក្នុងឆ្នាំនេះ

(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃចន្ទ ទី៥ ខែតុលា ថាមីយ៉ាន់ម៉ាបានទទួលពលរដ្ឋចំណាកស្រុកជិត ១០ ០០០នាក់ត្រឡប់មកពីម៉ាឡេស៊ីវិញក្នុងឆ្នាំនេះ មួយថ្ងៃបន្ទាប់ពីក្បួននាវាដឹកពលរដ្ឋខ្លួនជិត ១,៥០០នាក់បានចូលចតនៅក្នុងប្រទេស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាលពីថ្ងៃអាទិត្យ ពលរដ្ឋដែលត្រូវបញ្ជូនត្រឡប់ទៅវិញចំនួន ១ ៤៧៦នាក់ បានមកដល់តំបន់ខាងក្រៅទីក្រុងយ៉ាងហ្គោន។ ពួកគេគឺជាក្រុមដំបូងក្នុងចំណោមពលរដ្ឋសរុប ៥ ០០០នាក់ដែលទីក្រុងគូឡាឡាំពួរបានឱ្យដឹងថា មីយ៉ាន់ម៉ាព្រមទទួលយកត្រឡប់ទៅវិញ។

មីយ៉ាន់ម៉ា ក៏បានបង្ហាញដែរនៅថ្ងៃចន្ទនេះថា មានកិច្ចខិតខំប្រឹងប្រែងមួយទៀតដែលធ្វើឡើងស្របគ្នា និងក្នុងទ្រង់ទ្រាយធំជាងមុនពាក់ព័ន្ធការបញ្ជូនពលរដ្ឋចំណាកស្រុកត្រឡប់មកវិញតាមផ្លូវអាកាស។ តាមកាសែតរដ្ឋ The Global New Light of Myanmar ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ពលរដ្ឋចំនួន ៨ ០៤១នាក់ត្រូវបានបញ្ជូនត្រឡប់មកកាន់មីយ៉ាន់ម៉ាវិញតាមផ្លូវអាកាស។ ពលរដ្ឋចំណាកស្រុកដែលមីយ៉ាន់ម៉ាបានឱ្យដឹងថាវិលត្រឡប់មកវិញតាមយន្តហោះ និងនាវា នៅឆ្នាំនេះ គឺមានចំនួនសរុប ៩ ៥១៧នាក់។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) បានរិះគន់យ៉ាងខ្លាំងចំពោះការប៉ុនប៉ងបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ក្រោមគម្រោងមួយដែលមិនមានភាពច្បាស់លាស់ និងដែលអង្គការនេះអះអាងថា មិនអាចធានាបាននូវការវិលត្រឡប់ដោយសុវត្ថិភាពទៅកាន់ប្រទេសដែលកំពុងរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម។​ ការប៉ុនប៉ងរបស់ម៉ាឡេស៉ីក្នុងការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ បានកេីតមានឡេីងចំពេលដែលមានមតិប្រឆាំងនឹងជនចំណាកស្រុកនៅក្នុងស្រុក៕