
ខេត្តបន្ទាយមានជ័យ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាមរតកវប្បធម៌ និងប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្លៃថ្លារបស់ជាតិខ្មែរ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងស្រស់បំព្រងនៅគ្រប់អារាមទូទាំងប្រទេស។ ក្នុងនោះដែរ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កម្មវិធីបុណ្យកាន់បិណ្ឌវេនទី៩ ត្រូវ បានប្រារព្ធធ្វើឡើងយ៉ាងកុះករនៅវត្តរតនៈសុខសាន្ត (អូរខៃដន) ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានចាប់ផ្តើមរៀបចំពិធីក្រុងពាលី និងនមសិការព្រះរតនត្រ័យកាលពីល្ងាចថ្ងៃទី៤ ខែតុលា រួចមក។
ពិធីបុណ្យប្រពៃណីសាសនានេះ ដឹកនាំដោយ លោក ទួង ហួត និងភរិយា អ្នកស្រី នាង ធារ៉ា ព្រមទាំង លោក ទួង កុកផេង រួមជាមួយក្រុមអ្នកសារព័ត៌មានក្រុងប៉ោយប៉ែត ម្ចាស់ដើមវេន និងប្រធានដើមបុណ្យជាច្រើនរូប។ ឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពី លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគម និង លោក ឆុន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (សស.យស) សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកា និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
ក្នុងបរិយាកាសដ៏ប្រកបដោយមហាកុសល ម្ចាស់ដើមវេន និងពុទ្ធបរិស័ទទាំងអស់ បានរួមគ្នាប្រារព្ធកិច្ចវត្តតាមបែបព្រះពុទ្ធសាសនា មានការក្រាបថ្វាយបង្គំព្រះសង្ឃ សមាទានសីល នមសិការព្រះរតនត្រ័យ និងបាននាំយកទេយ្យទាន បរិក្ខារ ព្រមទាំងចង្ហាន់បិណ្ឌបាត វេរប្រគេនជូនព្រះសង្ឃដែលគង់ចាំវស្សា។ កិច្ចបង្សុកូលត្រូវបានធ្វើឡើងដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន ញាតិកាតាំងប្រាំពីរ សន្តាន ដែលបានចែកឋាន ពិសេសគឺការឧទ្ទិសដួងវិញ្ញាណក្ខន្ធជូនដល់វីរយុទ្ធជន វីរយុទ្ធនារី ដែលបានពលីជីវិតយ៉ាងក្លាហានក្នុងការពារបូរណភាពទឹកដី និងសន្តិភាពជូនមាតុភូមិ។
មានប្រសាសន៍សំណេះសំណាលទៅកាន់ស្រទាប់យុវជននាឱកាសនោះ លោក ទួង ហួត បានគូសបញ្ជាក់ពីតម្លៃដ៏ជ្រាលជ្រៅនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌថា៖ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មិនត្រឹមតែជាកិច្ចធ្វើបុណ្យទានតាមក្បួនខ្នាតសាសនាតែប៉ុណ្ណោះទេ ប៉ុន្តែជាមរតកវប្បធម៌ដ៏ឧត្តុង្គឧត្តម ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃកតញ្ញូកតវេទិតាធម៌ ការគោរពប្រតិបត្តិចំពោះបុព្វបុរស និងការរឹតចំណងសាមគ្គីភាពក្នុងសង្គមជាតិ។ ក្មួយៗជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នាបន្តថែរក្សា ការពារ និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ និងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឲ្យស្ថិតស្ថេរគង់វង្សរីកចម្រើនតទៅមុខជានិរន្តរ៍។
តាមការបញ្ជាក់ពីគណៈកម្មការរៀបចំពិធី បច្ច័យដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងវេនទី៩នេះ មានចំនួន ៥,០៣០,០០០រៀល (ប្រាំលានបីម៉ឺនរៀល) ត្រូវបានប្រគេនជូនព្រះចៅអធិការវត្តរតនៈសុខសាន្ត ដើម្បីតម្កល់ទុកប្រើប្រាស់ក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្ត។ បន្ថែមលើកុសលផលបុណ្យផ្នែកសាសនា បន្ទាប់ពីបញ្ចប់កម្មវិធីឆ្លងវេន ម្ចាស់ដើមវេន រួមមាន លោក ទួង ហួត, អ្នកស្រី នាង ធារ៉ា, លោក ទួង កុកផេង និងលោក ផូ ប៊ុនថន ព្រមទាំងក្រុមគ្រួសារ បានស្តែងចេញនូវស្តុកតាសប្បុរសធម៌ ដោយបានចែកទានជូនដល់លោកយាយជី តាជី ចំនួន ៤០ រូប ដោយក្នុងម្នាក់ៗទទួលបានសារុងមួយ និងថវិកាចំនួន ៥,០០០ រៀល។ អំពើល្អនេះបានបង្កើតនូវស្នាមញញឹម និងក្ដីរំភើបយ៉ាងក្រៃលែង ព្រមទាំងទទួលបាននូវពរជ័យសព្ទសាធុការពីលោកយាយដូនជី តាជី សូមឲ្យប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


































