(New York)៖ អភិបាលរដ្ឋ New York លោកស្រី Kathy Hochul បានប្រកាសភាពអាសន្នរដ្ឋ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយសារការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ដែលជាលើកដំបូងសម្រាប់សហរដ្ឋអាមេរិក ចាប់តាំងពីចំនួនករណីឆ្លងកើនឡើងយ៉ាងគំហុកក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។

រដ្ឋ New York ក៏បានបន្ថែមក្រុមអ្នកជំនាញសុខាភិបាល ដែលត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច (MMR) ផងដែរ នៅពេលដែលករណីឆ្លងកំពុងកើនឡើងក្នុងសហគមន៍ជនបទ។
រដ្ឋ New York បានរាយការណ៍ពីជំងឺកញ្ជ្រឹលចំនួន ១០៨ករណី គិតមកដល់ថ្ងៃទី៣ ខែតុលា ក្នុងនោះ ៩២ករណី កើតឡើងតាំងពីថ្ងៃទី១៥ ខែកក្កដា នៅក្នុងសហគមន៍ជនបទ ដែលមានអត្រាចាក់វ៉ាក់សាំងទាប តាមស្រុកចំនួន ១៨ ហើយតួលេខនេះគឺខ្ពស់ជាងកម្រិតជាមធ្យមប្រចាំឆ្នាំយ៉ាងខ្លាំង។ អាជ្ញាធរសុខាភិបាលមូលដ្ឋាន បានផ្តល់វ៉ាក់សាំង MMR ច្រើនជាង ១០០០ដូសនៅក្នុងតំបន់ជនបទ ចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដាមក។
ដោយឡែក Pennsylvania ដែលជារដ្ឋជិតខាង ក៏កំពុងប្រឈមមុខនឹងរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ដោយគិតត្រឹមថ្ងៃទី២ ខែតុលា មានករណីឆ្លងចំនួន ៩៧៧ និងអ្នកស្លាប់ចំនួន ៥នាក់ ដែលភាគច្រើនកើតឡើងនៅក្នុងស្រុកជនបទ ជាប់ព្រំប្រទល់នឹងរដ្ឋ New York។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក កំពុងជួបប្រទះឆ្នាំដ៏អាក្រក់បំផុតសម្រាប់ជំងឺកញ្ជ្រឹល ចាប់តាំងពីឆ្នាំ១៩៩១ មក ដោយមានករណីឆ្លងជិត ៣ ៩០០ត្រូវបានរាយការណ៍៕




























