ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជួបពិភាក្សាជាមួយអគ្គនាយក K-Water ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យធនធានទឹក

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារជាមួយលោកស្រី KIM Changsoon អគ្គនាយកមជ្ឈមណ្ឌលសាជីវកម្មធនធានទឹកកូរ៉េ (K-Water) ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) លើវិស័យធនធានទឹក ថាមពល បរិស្ថាន និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសលោក ឃួន ផុនរតនៈ ចូលរួមវេទិកា The 4th Mekong-Korea International Water Forum ក្រោមមូលបទ «Climate Resilience through Digital Water Management in the Mekong Region» នៅសណ្ឋាគារ Westin Josun Hotel ក្នុងទីក្រុងសេអ៊ូល។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការ ODA ព្រមទាំងសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងចំណេះដឹងបច្ចេកទេសរបស់កូរ៉េ ដើម្បីគាំទ្រដល់ការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។

លោកស្រី KIM Changsoon បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ K-Water ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបានអញ្ជើញលោក ឃួន ផុនរតនៈ ទៅទស្សនកិច្ចទីស្នាក់ការកណ្តាល K-Water នៅទីក្រុង Daejeon ក្នុងពេលសមស្រប ដើម្បីស្វែងយល់ពីសកម្មភាព និងបទពិសោធន៍របស់ K-Water ព្រមទាំងពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាមួយគ្នានេះ លោក ឃួន ផុនរតនៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ និង K-Water ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើវិស័យធនធានទឹក។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ODA ដោយផ្តោតលើការផ្ទេរចំណេះដឹង បច្ចេកវិទ្យា ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការបង្កើនសមត្ថភាពធនធានមនុស្សកម្ពុជា។

ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូអភិវឌ្ឍន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពកម្ពុជាក្នុងការគ្រប់គ្រងធនធានទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនធានទឹកប្រកបដោយចីរភាព៕