(ម៉ិកស៉ីកូ)៖ លោកស្រីប្រធានាធិបតី Claudia Sheinbaum បាននិយាយថា រដ្ឋាភិបាលម៉ិកស៉ិកបានស្នើសុំភស្តុតាងពីអាជ្ញាធរអាមេរិក ពាក់ព័ន្ធការចោទប្រកាន់ដែលថាមានការបាញ់ប្រហារចេញពីទឹកដីម៉ិកស៉ិក សំដៅទៅលើមន្រ្តីបុគ្គលិកអាមេរិក ដោយបញ្ជាក់ថាកងកម្លាំងសន្តិសុខម៉ិកស៉ិក មិនបានរកឃើញហេតុការណ៍បែបនេះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។

នៅលើបណ្តាញសង្គម X ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅម៉ិកស៉ិក លោក Ronald Johnson បានសរសេរថា «មានការបាញ់ប្រហារ មកលើបុគ្គលិកកងឆ្មាំសមុទ្រអាមេរិក» នៅតំបន់ព្រំដែននៃរដ្ឋ Tamaulipas របស់ម៉ិកស៉ិកជាប់នឹងរដ្ឋ Texas ហើយជាតំបន់ដែលម៉ិកស៊ិក ទើបប្រកាសអំពីការដាក់ពង្រាយកងទ័ពជើងគោក និងកងកម្លាំងឆ្មាំការពារជាតិ។
តាមការបញ្ជាក់របស់លោកស្រី Sheinbaum នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ គ្មានបុគ្គលិកណាម្នាក់មកពីកងកម្លាំងឆ្មាំការពារជាតិ កងទ័ពជើងគោក ឬកងទ័ពជើងទឹករបស់ម៉ិកស៉ិក បានរកឃើញការបាញ់ប្រហារចេញពីទឹកដីម៉ិកស៉ិក ឆ្ពោះទៅកាន់សហរដ្ឋអាមេរិកឡើយ។ លោកស្រី Sheinbaum ក៏បានឱ្យដឹងថា អាជ្ញាធរម៉ិកស៉ិកបានស្នើឱ្យមានប្រតិបត្តិការរួមគ្នា ជាមួយស្ថាប័ននានារបស់សហរដ្ឋអាមេរិក បន្ទាប់ពីទទួលបានដំណឹងចោទប្រកាន់នោះ ដោយចាត់ទុកថាវាជាវិធានការបង្ការទុកជាមុន៕




























