(វ៉ាស៊ីនតោន)៖ បណ្ដាញទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានជជែកគ្នាជាមួយប្រទេសចិន ជុំវិញលទ្ធភាពរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមកនៅតាមទីតាំងនុយក្លេអ៊ែរ ហើយគ្រោងនឹងបន្តជំរុញបញ្ហានេះក្នុងជំនួបជាបន្តបន្ទាប់នៅប៉ុន្មានខែខាងមុខ។ នេះបើតាមប្រភពដឹងរឿងដែលបានទម្លាយប្រាប់ CNN។

គំនិតផ្ដួចផ្ដើមរឿងទស្សនកិច្ចទៅវិញទៅមកនេះ គឺចិនជាអ្នកលើកឡើងមុន ក្នុងជំនួបជាមួយមន្ត្រីអាមេរិកកាលពីដើមឆ្នាំនេះ ដោយផ្ដោតលើការចុះទៅមើលមន្ទីរពិសោធន៍ជាតិរបស់ក្រសួងថាមពលអាមេរិក និងទីតាំងស្រដៀងគ្នាក្នុងប្រទេសចិន។ ភាគច្រើននៃកិច្ចពិភាក្សានេះ ធ្វើឡើងនៅក្រៅកិច្ចប្រជុំនៃបណ្ដាប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កាលពីខែមុន ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានអំពាវនាវឱ្យមានការចរចាត្រីភាគីស្ដីពីការគ្រប់គ្រងអាវុធ រវាងអាមេរិក ចិន និងរុស្ស៊ី ក្នុងជំនួបជាមួយប្រធានាធិបតី ស៊ី ជីនពីង ប៉ុន្តែមេដឹកនាំទាំងពីរមិនបានលើកយករឿងទស្សនកិច្ចទីតាំងនុយក្លេអ៊ែរមកជជែកឡើយ។ ខាងក្រុងប៉េកាំងតែងតែបដិសេធការចរចាបែបនេះ ដោយអះអាងថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនមានចំនួនតិចតួចណាស់ បើធៀបនឹងអាមេរិក និងរុស្ស៊ី ដូច្នេះការចូលរួមរបស់ចិនគឺជារឿងមិនចាំបាច់ទេ។
លោក ត្រាំ និងលោក ស៊ី ទំនងជានឹងជួបគ្នាម្ដងទៀតនៅចុងឆ្នាំនេះ ក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន ក្នុងខែវិច្ឆិកា ឬកិច្ចប្រជុំ G20 នៅអាមេរិក ក្នុងខែធ្នូ។ បើតាម CNN មុនពេលមេដឹកនាំកំពូលទាំងពីរជួបគ្នា កិច្ចចរចាកម្រិតមន្ត្រីជំនាញជុំវិញគម្រោងទស្សនកិច្ចទីតាំងនុយក្លេអ៊ែរនេះ នឹងបន្តធ្វើឡើងជាបន្តបន្ទាប់៕




























