(សិង្ហបុរី)៖ របាយការណ៍ថ្មីមួយរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រើប្រាស់ថាមពលច្រើនជាងពេលណាៗទាំងអស់ ប៉ុន្តែបែរជាកាន់តែពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈពីក្រៅប្រទេស ដែលធ្វើឱ្យតំបន់នេះងាយរងគ្រោះបំផុតពីការរអាក់រអួលនៃការផ្គត់ផ្គង់ និងការហក់ឡើងនៃតម្លៃប្រេងសកល។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ CNA កាលពីថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦។

ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងស្របពេលរដ្ឋមន្ត្រីថាមពលអាស៊ាន គ្រោងនឹងបើកកិច្ចប្រជុំរួមគ្នានៅទីក្រុងម៉ានីល នៅថ្ងៃទី៧ ខែតុលា ដើម្បីពិនិត្យលើវិធានការសន្តិសុខប្រេងឥន្ធនៈក្នុងតំបន់។ បច្ចុប្បន្ន អាស៊ីអាគ្នេយ៍កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការរំខានដល់ការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា តាំងពីចុងខែកុម្ភៈមក ក្រោយពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ រហូតធ្វើឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រហ័រមូស (Hormuz) ខណៈប្រេងឆៅប្រមាណ ៦០% និងឧស្ម័នធម្មជាតិ ១ ភាគ ៣ របស់អាស៊ីអាគ្នេយ៍ គឺនាំចូលពីមជ្ឈិមបូព៌ា។
លោកស្រី Joanne Lin អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាអាស៊ាន (វិទ្យាស្ថាន ISEAS-Yusof Ishak) បានប្រាប់ CNA ថា វិបត្តិនេះជាការដាស់តឿនឱ្យឃើញថា អាស៊ីអាគ្នេយ៍ងាយរងគ្រោះខ្លាំងណាស់ពីវិបត្តិថាមពលខាងក្រៅ ដោយលោកស្រីបញ្ជាក់ថា៖ «តម្រូវការថាមពលក្នុងតំបន់កំពុងកើនឡើងលឿន ខណៈប្រទេសជាច្រើនកាន់តែពឹងលើការនាំចូលប្រេង និងឧស្ម័ន។ ដូច្នេះ អ្វីដែលកើតឡើងនៅមជ្ឈិមបូព៌ា អាចរុញច្រានឱ្យថ្លៃថាមពល និងការដឹកជញ្ជូនឡើងថ្លៃភ្លាមៗ បង្កជាសម្ពាធអតិផរណា និងការព្រួយបារម្ភពីសន្តិសុខនៃការផ្គត់ផ្គង់ក្នុងស្រុក»។
តាមការប៉ាន់ប្រមាណរបស់ IEA តម្រូវការអគ្គិសនីរបស់អាស៊ីអាគ្នេយ៍ នឹងកើនឡើងជាមធ្យម ៥.៤% ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដោយសារតែការពង្រីកវិស័យឧស្សាហកម្ម តម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងការកើនឡើងយ៉ាងគំហុកនៃមជ្ឈមណ្ឌលទិន្នន័យ (Data Centres)។ ដើម្បីដោះស្រាយបញ្ហានេះ IEA បានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់ ត្រូវពង្រីកប្រភពថាមពលឱ្យសម្បូរបែប ងាកមកទាញយកប្រភពធនធានក្នុងស្រុកឱ្យបានច្រើន និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល៕




























