ពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ផ្លូវ និងសមិទ្ធផលនានា នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ

​ឧត្តរមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរៀបចំពិធីបញ្ចុះបឋមសិលាបុកគ្រឹះបើកការដ្ឋានសាងសង់ផ្លូវជាផ្លូវការ និងសមិទ្ធផលជាច្រើនទៀត ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមានការចូលរួមយ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
​គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបើកការដ្ឋានសាងសង់នាឱកាសនេះ រួមមាន៖
​ការដ្ឋានស្ដារប្រឡាយខ្សែទី៣ ប្រវែង ១,៧០០ម៉ែត្រ ចាប់ពីចំណុចរង្វង់មូលព្រះករុណាស្ដេចកែវ ដល់រង្វង់មូលប្រាសាទរៀប

​ការដ្ឋានស្ដារប្រឡាយរំដោះទឹក ចំនួន ២ខ្សែ ប្រវែង ២,៧០ម៉ែត្រ

​ការដ្ឋានចាក់បេតុងអាមេផ្លូវ និងដាក់លូប្រអប់រំដោះទឹក

​ការរៀបចំកែលម្អបរិស្ថាន រៀបចំខឿន និងដាំដើមឈើអមសងខាងផ្លូវ ប្រវែងជាង ៦,០០០ម៉ែត្រការ៉េ

​ពិធីនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រួលដល់ការធ្វើដំណើរ លើកកម្ពស់សោភ័ណភាពក្រុង និងដោះស្រាយបញ្ហាចរន្តទឹក ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ «មានផ្លូវ គឺមានសង្ឃឹម»៕ សួនពិសិត