មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ និងពង្រឹងវិធានការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នាឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បាននាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភ និងពង្រឹងវិធានការ នៃការបង្ក្រាបបទល្មើសនេសាទ​ខុស​ច្បាប់​ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចនៅក្នុងភូមិសាស្ត្រឃុំកំពង់គោ និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ  ។

លោកអនុសេនីយ៍ឯក ហែម ថន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្ដាយ ឃុំ​សាន់​គរ​ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានឡើងធ្វើរបាយការណ៍អំពីលទ្ធផលសកម្មភាពការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ដោយបានបង្ក្រាបឧបករណ៍នេសាទខុសច្បាប់បានជាច្រើនករណី ពិសេសរបាំងស្បៃមុងខុសច្បាប់ និងបានចាក់ប្រលែងកូនត្រូវចម្រុះចូលក្នុងបឹងធម្មជាតិវិញបានរាប់រយគីឡូក្រាម  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនគិតពីថ្ងៃឈប់សម្រាក និងមិនគិតពីការលំបាកនឿយហត់ គឺក្នុងគោលបំណងថែរក្សាធនធានមច្ឆជាតិ ទុកសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត និងដើម្បីសង្គមជាតិយើងទាំងអស់គ្នា ។​ជាមួយ​នេះ​ដែរ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹមបន្តទៀត ដោយត្រូវធ្វើការបែងចែកវេនបំពេញភារកិច្ច និងវេនឈប់សម្រាកដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។ តែនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវតែមានកងកម្លាំងក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយមិនទុកឱកាសឲ្យជនខិលខូចលួចប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ធ្ងន់ធ្ងរ នៅក្នុងពេលដែលមន្ត្រីនិងកងកម្លាំងឈប់សម្រាកជាដាច់ខាត។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈចំនួន ៤០០ លីត្រ ព្រមទាំងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួនទៀត និងបានចូលរួមជាមួយកងកម្លាំងក្នុងការ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលមានរបាំងស្បៃមុងចំនួន ៤ របាំ មានប្រវែងជាង ២៥០ ម៉ែត្រ  នៅតំបន់បឹងមហាពពាយ ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផងដែរ ។