ការវាយប្រហារលើអាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតសម្លាប់មនុស្ស ៣នាក់ ខណៈការប្រយុទ្ធគ្នានៅយេម៉ែនកាន់តែសាហាវ

(Reuters)៖ មនុស្សយ៉ាងហោច ៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីត ខណៈការវាយប្រយុទ្ធគ្នាក្នុងប្រទេសយេម៉ែនកាន់តែក្ដៅគគុករវាងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ និងកងកម្លាំងរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីត។ នេះបើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប៊ីសាអូឌីត ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាមនុស្សម្នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារមួយលើអាកាសយានដ្ឋាន King Khalid International Airport ក្នុងរាជធានីរីយ៉ាដ។ ចំណែក មនុស្ស២នាក់ផ្សេងទៀតត្រូវបានសម្លាប់ និង២៨នាក់រងរបួស ក្នុងការវាយប្រហារមួយលើហេដ្ឋារចនាសម្ព័ន្ធនៅឯអាកាសយានដ្ឋាន Abha។

តាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប៊ីសាអូឌីត ការវាយប្រហារទាំង២លើកនេះបានកើតឡើងកាលពីថ្ងៃពុធ និងថ្ងៃអង្គារសប្ដាហ៍នេះ តែមិនបានបញ្ជាក់ឱ្យច្បាស់ថាតើការវាយប្រហារលើអាកាសយានដ្ឋាន King Khalid កើតឡើងនៅថ្ងៃណា ហើយវាយប្រហារមួយលើអាកាសយានដ្ឋាន Abha បានកើតឡើងនៅថ្ងៃណាដែរនោះទេ?

គួរបញ្ជាក់ថា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទី បានសន្យាសងសឹក ដោយនិយាយថាការវាយប្រហារលើអារ៉ាប៊ីសាអូឌីត នឹងមិនអាចកើតឡើង ដោយមិនមានការឆ្លើយតបវិញនោះឡើយ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ក្រុមចម្រុះនេះបានប្រកាសថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងយោធារបស់ ក្រុមហ៊ូទីជាង៨០កន្លែង នៅក្នុងទីក្រុង Saada, Hodeidah, Jawf និង ​Marib៕