វិមានក្រឹមឡាំង ចាត់ទុកការបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែររបស់បារាំង ថាជាយុទ្ធសាស្ត្រ «ដើរដល់ផ្លូវទាល់»

​(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធ បានលើកឡើងថា ការបាញ់សាកល្បងមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់បារាំង បានបង្ហាញឱ្យឃើញថា អឺរ៉ុបកំពុងកសាងខឿនការពារជាតិរបស់ខ្លួនផ្អែកលើការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ដែលយុទ្ធសាស្ត្របែបនេះ គឺមានតែ «ដើរដល់ផ្លូវទាល់» ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

​កាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានអបអរសាទរចំពោះការបាញ់សាកល្បងមីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹក នៅក្បែរឆ្នេរសមុទ្រប្រឺតាញ (Brittany) ដោយចាត់ទុកថាជា «សារមួយយ៉ាងច្បាស់ៗផ្ញើទៅកាន់គ្រប់ទីកន្លែងដែលត្រូវទទួល» បើទោះបីជាលោកមិនបានបញ្ចេញឈ្មោះរុស្ស៊ីចំៗក៏ដោយ។ ការបាញ់សាកល្បងនេះ ធ្វើឡើងចំពេលសង្គ្រាមនៅអ៊ុយក្រែន និងសន្តិសុខអឺរ៉ុបកំពុងឡើងកម្ដៅ ខណៈកន្លងមក រុស្ស៊ីធ្លាប់បានព្រមានពីលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីខ្លួន និងតំបន់កាលីនីងក្រាដ (Kaliningrad) ផងដែរ។

​អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីបានទទួលសាររបស់បារាំងរួចហើយ ហើយនេះជាភស្តុតាងមួយបង្ហាញពីការឈ្លក់វង្វេងរបស់អឺរ៉ុបលើការពង្រឹងកម្លាំងយោធា។ លោកបានសង្កត់ធ្ងន់ថា៖ «ពួកគេកំពុងកសាងវិស័យការពារជាតិ និងសន្តិសុខដោយឈរលើការប្រឈមមុខជាមួយរុស្ស៊ី។ នេះជាផ្លូវទាល់មួយ ហើយប្រវត្តិសាស្ត្របានបង្ហាញច្បាស់ហើយថា វាមិនដែលនាំមកនូវផលល្អអ្វីឡើយ»។

​លោក Peskov បានបន្ថែមថា រុស្ស៊ីនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែបើកចំហជានិច្ចសម្រាប់ការសន្ទនា ដោយលោកបញ្ជាក់ថា រាល់បញ្ហាទាំងអស់គួរតែដោះស្រាយតាមរយៈការចរចា មិនមែនតាមរយៈការបាញ់សាកល្បងមីស៊ីលបង្អួតកម្លាំងដាក់គ្នានោះឡើយ៕